ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សមាជិក ក្រុមប្រឹក្សា អភិបាល អភិបាលរងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវក្តីសោមនរីករាយ និងគារវៈភក្តីភាពចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារ ឆ្នាំ២០២២របស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីរាយការណ៍សង្ខេបថា រាជធានីភ្នំពេញ គឺជារាជធានីមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូតដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជារួម ២០២១កន្លងទៅ ឯកឧត្តម ធ្វើសេចក្តីរាយការណ៍បន្ថែមថា ទោះបីជាមានវិបត្តិសកលនៃជំងឺកូវីដ១៩ បានបង្កផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្តី ក៏ការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរវិស័យនានាបានដំណើរការជាប្រក្រតី និងសម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទកៈ ជាពិសេសការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។

ទន្ទឹមនឹងនេះ លទ្ធផលដែលសម្រេចបានជាវិជ្ជមានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវបន្តប្រមូលផ្តល់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុបដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឱ្យកាន់តែល្អប្រសើរនូវការងារអាទិភាពសំខាន់ៗមួយចំនួនទៀតដែលរួមមាន ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងទៀត, បង្កើនល្បឿននៃការចាក់វ៉ាក់សាំង, ពង្រឹងរបៀបរបបកាងារក្នុងគន្លងប្រកតីភាពថ្មី ស្របពេលនៃការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ, ការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងសន្ទរកស្វាគមន៍ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ។
សម្តេចក្រឡាហោម បានសម្តែងការឯកភាពទាំងស្រុងទៅលើស្មារតីនៃសន្និបាត ហើយបានដាក់ចេញនូវទិសដៅការងារបន្តក្រោយពីមានការជជែកកិច្ចពិភាក្សា និងរៀបចំជារបាយការណ៍នេះឡើយ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដែលបានរួមសាមគ្គីគ្នាជាច្រើនក្នុងឆ្នាំ២០២១ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញជាក់ស្តែង ដូចជាការរួមគ្នារក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សារធាណៈបានយ៉ាងល្អប្រសើរ ព្រមទាំងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមកម្មវិធីរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេសទៅទៀតនោះ សម្តេចក្រឡាហោ បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រែងប្រងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយការបានអនុវត្តយ៉ាងល្អប្រសើរដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា “មកដល់ពេលនេះយើង បានបោះជំហានយ៉ាងល្អលើការអនុវត្តកម្មវិធីជាតិដំណាក់កាលទី១ឥឡូវនេះយើងបានឈានចូលដល់ជំហានទី២ក្នុងអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២ដែលមានរយៈពេល១០ទៅមុខដំណាក់កាលនេះត្រូវយកចិត្តទុកដាក់ក្នុងការផ្ទេរមុខងារតាមបែបវិមជ្ឍការក្តី វិសហមជ្ឍការក្តីទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងត្រូវយកចិត្តទុកដាក់ផ្ទេរធនធនទាំងធនធានមនុស្ស និងធនធានថវិការជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន”។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានស្នើឱ្យការបន្តចូលរួមគាំទ្រ និងអនុវត្តនៅនយោបាយដ៏មានសារសំខាន់នេះដើម្បីជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នា និងរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ទាំងរាជធានី ខេត្ត ក្រុង ខណ្ឌ និងស្ថាប័ន្ធអង្គភាពដែលមានការពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈម សំណើនានារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីទទួលបាននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា រដ្ឋបាលគ្រប់ជាន់ថ្នាក់ក្នុងរាជធានីភ្នំពេញនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២២នេះបន្តទៀត រួមចំណែកដើម្បីជ័យជំនះរបស់ព្រះរាជាណាចក្រកម្ពុជាយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។