ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ មីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី។

ជាបឋមឯកឧត្តម ង្វៀន ហ៊ុយតាំង បានលើកយកប្រធានបទសំខាន់ពីរមកពិភាក្សា និងស្នើសុំអន្តរាគមន៍ពីឯកឧត្តមរដ្ឋមន្រ្តី ៖ ទី១- ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យវារីវប្បកម្ម តាមរយ:ការផ្តល់បច្ចេកទេសសមស្រប ទំនើបទាន់សម័យ ធ្វើយ៉ាងណាឲ្យអនុវិស័យមួយនេះមានការរីកចម្រើន និងទី២- ស្នើសុំឲ្យក្រសួងជួយគាំទ្រឲ្យកាន់តែល្អប្រសើរថែមទៀតដល់សកម្មភាពវិនិយោគសម្បទានដីសេដ្ឋកិច្ច ជាអាទិ៍៖ ការពិនិត្យ និងវាយតម្លៃលើកផែនការមេ ការចុះបញ្ជីដី និងការធ្វើអនុប្រយោគ។ល។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះរដ្ឋាភិបាល និងស្ថានទូតវៀតណាម ដែលបានផ្តល់កិច្ចសហការបានល្អប្រសើរក្នុងការសម្រួលពាណិជ្ជកម្ម (ការនាំចេញកសិផលកម្ពុជា) តាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរក្នុងអំឡុងពេល ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ ចំពោះចំណុចទី១ ទាក់ទងនឹងកិច្ចសហការលើអនុវិស័យវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារ លោកបានបញ្ជាក់ថា បច្ចុប្បន្នផលចាប់មច្ឆជាតិពីគ្រប់ប្រភពធម្មជាតិបាននិងកំពុងមានការធ្លាក់ ចុះជាបន្តបន្ទាប់។ ផ្ទុះទៅវិញកំណើននៃបរិមាណបរិភោគចេះតែកើនឡើង ហេតុនេះរាជរដ្ឋា ភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានផ្តល់អាទិភាពលើការអភិវឌ្ឍអនុវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ធ្វើយ៉ាងណាបង្កើនបរិមាណផ្គត់ផ្គង់ផលត្រីឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទាំងបរិភោគ គុណភាព និងសុវត្ថិភាព តាមរយ:ការពង្រឹង គាំទ្រ និងលើកទឹកចិត្តដល់វារីវប្បករឲ្យប្រើប្រាស់បច្ចេកទេសបង្កាត់ ជ្រើសរើសពូជ ចំណី និងបរិស្ថានចិញ្ចឹម។ល។

ដោយឡែកចំពោះចំណុចទី២ ឯកឧត្តមរដ្ឋមន្ត្រីនៅចំពោះមុខឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវខុសរបស់ក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចយកទៅវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម (កៅស៊ូ អាកាស្យា ប្រេងខ្យល់ ចេក ស្វាយចន្ទី និងដំណាំឈើហូបផ្លែមួយចំនួនទៀត) ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយបានធ្វើការនាំចេញទៀតផង។ ព្រមជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមួយចំនួនតូច មានភាពអសកម្ម ដោយមិនបានគិតគូ យកចិត្តទុកដាក់អនុវត្តតាមផែនការមេ ការចុះញ្ជីដី ឬអនុវត្តកិច្ច សន្យាដែលបានចុះហត្ថលេខាជាមួយក្រសួង។ល។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រមហ៊ុនត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវស្របតាមផែនការមេដែលក្រសួងបានអនុម័ត ហើយត្រូវពង្រឹងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ចូលរួមសហការឲ្យបានពេញ លេញជាមួយលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និងត្រូវចូលរួមសហការការពារ ទប់ស្កាត់រាល់សកម្មភាពទន្រ្ទានកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់។ ដោយឡែក ក្រសួងនឹងរង់ចាំផ្តល់កិច្ច សហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។