ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការអ្នកនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានឱ្យបានទូលំទូលាយ

(ភ្នំពេញ) ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការជាអ្នកនាំពាក្យ នៃរាជធានី-ខេត្តនីមួយៗ ត្រូវតែបំពេញកិច្ចការឲ្យសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាព ឬអ្នកពាក់ព័ន្ធ ព្រមទាំងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និតជាមួយ និងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជា ការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងបរិយាបន្ន»។

សម្ដេចក្រឡាហោម បន្ដថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនិងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ត្រូវចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀបចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយតាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកធាតុអាកាស វិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផល ជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏មានសង្ឃឹមយ៉ាងមុតមាំថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ក៏ដូចជាអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅ ថ្នាក់ក្រោមជាតិ នឹងប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ៕ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។