ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា បើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក(ADSOM-Plus WG)

ភ្នំពេញ៖ បន្ទាប់ពីដំណើរការរៀបចំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM WG) រយៈពេល២ថ្ងៃ (ពីថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ) បានបញ្ចប់ទៅប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានបន្តបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus WG) នៅអគាររដ្ឋបាល ទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញបន្តទៀត។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារ ឧត្តមមន្ត្រីការពារជាតិអាស៊ាន កម្ពុជា និងដោយមានការចូលរួមពីសំណាក់ប្រធានក្រុមការងារ ឧត្តមមន្ត្រីការពារជាតិ នៃរដ្ឋជាសមាជិកអាស៊ាន ប្រធានក្រុមការងារ ឧត្តមមន្ត្រីការពារជាតិ នៃបណ្ដាប្រទេសបូក រួមមាន៖ អូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, កូរ៉េ, សហព័ន្ធរុស្ស៊ី និងសហអាមេរិក ព្រមទាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ យោធាអាស៊ាន រួមនិងតំណាងអគ្គលេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកសហគមន៍នយោបាយ សន្តិសុខអាស៊ាន។

នៅក្នុងកិច្ចប្រជុំក្រុមការងារ ឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បណ្តាប្រទេសជាសមាជិក បានស្ដាប់សេចក្តីរាយការណ៍ និងផែនការបន្តរបស់សហប្រធានក្រុមការងារជំនាញទាំង៧វិស័យ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងនោះរួមមាន ១)-ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ២)-សន្តិសុខលម្ហសមុទ្រ, ៣)-វេជ្ជសាស្ត្រយោធា, ៤)-ប្រឆាំងភេរវកម្ម, ៥)-ប្រតិបត្តិការរក្សាសន្តិភាព, ៦)-សកម្មភាពកំចាត់មីនដើម្បីមនុស្សធ៌ម និង៧)-សន្តិសុខបច្ចេកវិទ្យាព័ត៌មាន។

កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ដោយស្របតាមមូលបទ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ ស្តីពី “សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

ជាមួយគ្នានេះដែរ ក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus_WG) ក៏បានចូលជួបសម្តែងការគួរសមជាមួយនឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។