ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ“បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

(ព្រះសីហនុ) ៖ នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ិស៊ិបាស៊ិ រីនតារ៉ូ អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹ​ង​បង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើេរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦។

ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។ ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហាន​ទី១​នេះ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹម​តែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាម​សមុទ្រ​នឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះ​​ប្រហាក់​ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិត១៤លានដុល្លារ និង ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃ ២៤៣ លាន ដុល្លារ។ សម្ដេចបន្តថា ផ្លូវទឹក នៅតែមានសារៈសំខាន់ សម្រាប់ការធ្វើចរាចរដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនេះ បានកើតមានឡើងរាប់សតវត្ស ហើយ ការសាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំ ហានទី១ នឹងបញ្ចប់នៅឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ឆ្នាំ២០២៣ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន ២ នោះគឺ ខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ចំពោះការសិក្សាពង្រីកបន្ថែមកំពង់ផែទឹកសាបកម្ពុជា ត្រូវឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ដោយអនុវត្តស្របតាមរូបមន្ត ភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន និងបណ្ដាប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលកន្លងមកបានផ្ដល់ឥណទានដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។

នៅថ្ងៃនេះ សម្តេចធិបតីបានអោយដឹងទៀតថា នៅប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ នាវា Westerdam ដែលធ្លាប់កម្ពុជាអនុញ្ញាតឱ្យចូលចតនៅអំឡុងការរីករាលដាលនៃជំងឺកូវីដ នឹងមកដល់កម្ពុជា ដោយនាំទេសចរប្រមាណ ៤០០០ នាក់ដែលរស់នៅប្រទេសជាច្រើន មកកម្សាន្តទស្សនានៅកម្ពុជា។​ សម្តេចបន្តទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់ ពោលគឺក្នុង រយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុមានចំនួនជាង ៧ លានតោន កើនឡើង ១១,៣៤ ភាគរយ ដោយរកចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥ លានដុល្លារអាមេរិក កើនឡើង ២,៧១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្រោយសាងសង់រួចកំពង់ផែទឹកជ្រៅព្រះសីហនុ នឹងមាននាវាដែលផ្ទុកទំនិញបានប្រមាណ ៦០០០០ តោនចូលចតបាន និងមានសមត្ថភាពទទួល នាវាក្នុងតំបន់ប្រមាណ ៩៣ ភាគរយ ឱ្យចូលចត។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា កំពង់ផែកម្ពុជា គឺជាចំណុចកណ្ដាលនៃកំពង់ផែ ដ៏រវល់របស់ថៃ និងវៀតណាម ហេតុនេះត្រូវពង្រីកសក្ដានុពលឱ្យបានកាន់តែច្រើន ដើម្បីទទួលការ លើកដាក់ទំនិញឱ្យបានកាន់តែប្រសើរថែមទៀត។

នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកច្រើនបន្ថែមទៀត ដោយគ្មានអ្វីដែលជាអាថ៍កំបាំងនោះទេ។
គម្រោងព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេទៅតំបន់សមុទ្រ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច និងបម្រើដល់ការដឹកជញ្ជូន ហើយក៏មិនមានអ្វីជាអាថ៌កំបាំងត្រូវលាក់លៀមនោះដែរ។

សម្តេចធិបតី បានស្នើឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយសម្របសម្រួលឱ្យមានកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍រវាងមន្រ្ដីកម្ពុជា និងជប៉ុនលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីកម្ពុជាអាចទទួលបានបទពិសោធន៍បន្ថែមទៀត លើកិច្ចការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងសូមជួយចែករំលែក ចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធនឹងការងារបច្ចេកទេសសាងសង់​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដល់កម្ពុជា។

ជាមួយនឹងការប្រកាសសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃនេះ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។