ព័ត៌មានជាតិ

ទីបំផុតចៅក្រមសេុីបសួរសម្រេចឃុំខ្លួន អឿន ម៉ូលីកា មេតុងទីនដ៏ល្បីល្បាញដាក់ពន្ធនាគារពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត!

(ភ្នំពេញ) ៖ ទីបំផុតនៅល្ងាចថ្ងៃទី១៨ ខែធ្នូ២០២២ នេះលោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះ អាសន្នក្រោមការចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦៥.០០០ ដុល្លារអាមេរិក ។

ជនត្រូវចោទ ឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ ឆ្នាំ (ឆ្នាំកំណើត១៩៩៥) មុខរបរ ជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើនេះបានស្ថិតនៅលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម ។ សំណុំរឿងបានដល់ដៃលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេលពីរថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ២០២២ នេះតែម្តងទៅ ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦៥.០០០ ដុល្លារអាមេរិក ។
ពាក្យបណ្តឹងទី១. អឿន ម៉ូលីកា ចេញមូលប្បទានប័តអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២ អឿន ម៉ូលីកា បានចេញមូលប្បទានប័តអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥.០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ។
បច្ចុប្បន្នជនត្រូវចោទ អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។