ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៃវិទ្យាល័យបវេល ខេត្តបាត់ដំបង

(បាត់ដំបង) ៖នាព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សារបស់ វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត,ស្នងការខេត្ត, មន្ទីរជំនាញជុំវិញខេត្ត, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ក្នុងពិធីសំណេះណាល និងសម្ពោធសមិទ្ធផលនេះដែរ លោក លួត សាលី អភិបាល នៃគណៈអភិបាលស្រុកបវេល បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល អំពីស្ថានភាពរួម និងការអភិវឌ្ឍន៍នានា របស់ស្រុកបវេលផងដែរថា ស្រុកបវេលមាន ផ្ទៃដីសរុប ៩២.៣០០ហិកតា មានឃុំចំនួន០៩ មានភូមិចំនួន១០២ មានប្រជាជនរស់នៅសរុប ចំនួន២៧.៥៦២ គ្រួសារ មនុស្សសរុប១០៨.៤៦៤នាក់ ស្រី៥៤.៥៣៥ នាក់។

លោកអភិបាលស្រុក បានឱ្យដឹងទៀតថា ស្រុកបវេលមានសាលារៀន សរុបចំនួន ៨៩កន្លែង ក្នុងនោះមានវិទ្យាល័យចំនួន ០២កន្លែង មានអគារសរុប ១៣ខ្នង ស្មើនឹង ៧៥បន្ទប់ មានបុគ្គលិកសរុបចំនួន១៣៥នាក់ មានសិស្សសរុបចំនួន៤.១៥៩នាក់ ស្រី២.៣៤៨នាក់ ស្មើនឹង៨៨ថ្នាក់, អនុវិទ្យាល័យចំនួន០៨កន្លែង មានអគារសរុប១៦ខ្នង ស្មើនឹង៧៧បន្ទប់ បុគ្គលិក៨៨នាក់ ស្រី៣១នាក់ និងសិស្ស៤.៨២៥នាក់ ស្រី២.៧៩៨នាក់ ស្មើនឹង៥៧ថ្នាក់ សាលាបឋមសិក្សាមានចំនួន ៧៨កន្លែង អគារសរុប១៤៧អគារ ស្មើនឹង៦០៣បន្ទប់មានបុគ្គលិកអប់រំសរុប៤៣៧នាក់ ស្រី២៤៤នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាសរុប១៣០នាក់ មានសិស្សសរុប ១៩.៧៩១នាក់ស្រី ៩.៧១០នាក់ ស្មើនឹង៦០៧ថ្នាក់ និងមានមត្តេយ្យដាច់ដោយឡែកចំនួន០១កន្លែង មានអគារ០១ខ្នង ស្មើនឹង០៣បន្ទប់ និងមានថ្នាក់រៀន០២ថ្នាក់ មានសិស្សសរុប៤៤នាក់ ស្រី២៣នាក់ និងមានមត្តេយ្យសិក្សាក្នុងបឋមសិក្សាចំនួន៩៤ថ្នាក់ ស្មើនឹង៥៤សាលាគ្រូសរុប ៩៤នាក់ ស្រី៧៧នាក់ មានសិស្សសរុប២,៥២៩នាក់ ស្រី១.២៧១នាក់។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជន និងសិស្សានុស្សិសទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្ថែមថា ស្រុកបវេល មានអគារសិក្សាល្អ គ្រូល្អ កម្មវិធីអប់រំល្អ ជាមួយការខិតខំរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការសិក្សារៀនសូត្រ ហើយសម្ដេចសង្ឃឹមថា ធនធានមនុស្សក្នុងស្រុកបវេល នឹងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត ដើម្បីអនាគតរុងរឿងរបស់សិស្សានុសិស្សដោយផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាភូមិ ឃុំ និងប្រទេសជាតិ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៅកាន់អង្គពិធីអំពីប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ ការប្រកួតប្រជែងខាងនយោបាយ យោធា សេដ្ឋកិច្ច រវាងប្រទេសមហាអំណាច បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាប្រែប្រួលអាកាសធាតុដែលក្នុងនោះបញ្ហាអាកាសធាតុនេះ បានបណ្ដាលឱ្យស្រុកបវេល និងក្រុងស្រុកផ្សេងទៀតនៃខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្ដេចបន្តថា ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសេដ្ឋកិច្ចតាមរយៈការជួយគាំពារដល់រោងចក្រ សហគ្រាស និងកម្មករដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩ ការសម្របសម្រួល និងអន្តរាគមន៍រក្សាតម្លៃស្រូវអង្ករ ការដាក់ចេញវិធានការគាំពារសង្គម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាក្រីក្រ និងវិធានការជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាក់ស្ដែងសម្ដេចតេជោ បានអញ្ជើញចុះស្វែងយល់ការលំបាក ចែកស្រូវពូជ និងអំណោយផ្សេងៗដល់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ។

តាមរយៈវិធានការនានាដូចបានលើកឡើងមកនេះ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ បានទប់លំនឹងសេដ្ឋកិច្ចជាតិ មានលទ្ធភាពជួយសម្រាលការលំបាករបស់ពលរដ្ឋឆ្លង និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ ដែលរំពឹងថា អាចសម្រេចបាន ៥,៦ ភាគរយ។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្ដល់ប្រាក់ខែជូនមន្រ្តីរាជការ និងទំលាក់ថវិកាមករដ្ឋបាលថ្នាក់ក្រោមជាតិជាទៀងទាត់។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាកាលពីពេលថ្មីៗនេះ និងបន្ថែមថា ជោគជ័យនេះបង្ហាញពីឋានៈ និងភាពស្មើមុខស្មើមាត់របស់កម្ពុជា ជាមួយប្រទេសនានាលើឆាកអន្តរជាតិ ពិសេសការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសាកលោក ដែលជាការលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។ សម្ដេចបន្ថែមថា សមិទ្ធផលដូចបានបញ្ជាក់មកនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព បន្តរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈការអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការលុបបំបាត់គ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំកូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ហើយប្រសិនបើអត្តសញ្ញាណបណ្ណជិតផុតសុពលភាព ឬហួសសុពលភាព សូមទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់ ដើម្បីបំពេញបែបបទធ្វើអត្តសញ្ញាបណ្ណថ្មីសម្រាប់បម្រើឱ្យការបោះឆ្នោត និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេចក៏ណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមគោរពអនុវត្តទៅតាមច្បាប់បោះឆ្នោត ដើម្បីរួមគ្នាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវឱ្យបានល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ធ្វើជាគម្រូល្អក្នុងការបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយគ្មានការប្រកាន់បក្សពួក និងនិន្នាការនយោបាយ។ សម្ដេចក៏បានទាញការចាប់អារម្មណ៍មេឃុំ ចៅសង្កាត់ និងស្មៀន ត្រូវខិតខំពង្រឹងគុណភាពនៃការបំពេញការងារ ដើម្បីធានាឱ្យការផ្ដល់សេវាផ្សេងទៀតក្នុងមូលដ្ឋានមានភាពល្អប្រសើរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។