ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន មកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល​ សម្រាប់ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់​រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី​

(ភ្នំពេញ) ៖ នាថ្ងៃពុធ ទី១៤ ខែធ្នូ២០២២ នេះឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល​ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់​រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក និងឃុំពាក់ស្នែង​ ក្នុងស្រុកបន្ទាយស្រី​ ខេត្តសៀមរាប។

ក្រៅពីការរៀបចំដីឡូត៍​លំនៅដ្ឋានចំនួន១២​ ០០០ឡូត៍​ និងផែនការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ ដេីម្បីអភិវឌ្ឍតំបន់នេះជាទីក្រុង​ រាជរដ្ឋាភិបាល​មានគម្រោងដាំឈើ​ហូបផ្លែ ដំណាំបន្ទាប់បន្សំ​ និងសួនបន្លែ នៅតាមដីឡូត៍នីមួយៗ​ ដេីម្បីជួយគាំទ្រជីវភាពគ្រួសារ ព្រមទាំងដាំឈើលម្អនៅសងខាងផ្លូវ​ក្នុងតំបន់នេះ​ ជូនបងប្អូនផងដែរ។ ការងារ​នេះបានចាប់ផ្តេីមជាបណ្តេីរៗ​ និងគ្រោងបន្តអនុវត្តរហូតចប់សព្វគ្រប់​ នៅក្នុងឆមាសទី២​ ឆ្នាំ២០២៣ខាងមុខ។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទផ្តល់ការគាំទ្រពេញលេញចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល​ និងត្រៀមលក្ខណ:រួចជាស្រេចដេីម្បីចូលរួមសហការអនុវត្ត។ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ​ និងល្អប្រសេីរ​ថែមទៀត​ ជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ​ ដូចជា​ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្រសួងបរិស្ថាន​ និងរដ្ឋបាលខេត្តសៀមរាប​ ទៅតាមសមត្ថភាព​ និងលទ្ធភាព​របស់ក្រសួងស្ថាប័ននីមួយៗ​ សំដៅបន្ត​ចូលរួមជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដេីម្បីផល​ប្រយោជន៍ជាតិ​ និងប្រជាជន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។