ព័ត៌មានជាតិ

កងកម្លាំងចម្រុះ បានឃ្លុំដីបានជាង១៧០០ ហិកតា ឃាត់មនុស្ស ៣នាក់ នៅក្នុងពេលចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រាន ព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ នៅក្នុងខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ៖ កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៤ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១៧៣៣,១៧ហិកតា និងបានដកហូតរណារយន្តតូច ធំ ៤គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ធុងបាញ់ថ្នាំចាស់ ១គ្រឿង, កាំភ្លើងកែច្នៃឆ្នុកចាស់ ១ដើម, អង្គប់១៦ និងអាយកូម ២គ្រឿង។ ដោយឡែកកម្លាំងចម្រុះ បានឃាត់មនុស្ស ៣នាក់, បានកសាងសំណុំរឿង តាមនីតិវិធី(អញ្ញាតជន) ២ករណី និងបានស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ៖ ២ករណី ថែមទៀត ដែលកម្លាំងសមត្ថកិច្ច កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត និង បានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៥នាក់។

នៅថ្ងៃដដែលកម្លាំងចម្រុះ បានរឹមអូសវត្ថុតាងនៅហ្នឹងកន្លែង រួមមានផ្ទះ ១ខ្នង, ខ្ទមបណ្តោះអាសន្នចំនួន២៧ខ្ទម, ឈើក្តារ និងគ្រឿងធ្វើផ្ទះ ចំនួន ៣,៥ ម៉ែត្រគីប, ដំឡូងមី ២៧៥០បាច់, និងម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, រួមទាំងដើមដំឡូងមី ១.៣៥០បាច់។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។