ព័ត៌មានជាតិ

គយច្រកអានសេះ ខេត្តព្រះវិហារ គៀនយកលុយពីអ្នកដឹកទំនិញចេញចូលគ្រប់ប្រភេទដោយមិនចេញវិក័យប័ត្រ!

(ព្រះវិហារ) ៖ សេចក្ដីរាយការណ៍ឲ្យដឹងថា៖ សព្វថ្ងៃនេះសកម្មភាពចរាចរណ៍ទំនិញចេញចូលនៅច្រកអានសេះ គឺមិនមានត្រួតពិនិត្យអ្វីច្បាស់លាស់ទេហើយមន្ត្រីក្រោយដែលឈរជើងនៅទីនោះយកប្រាក់ពីទំនិញចេញ-ចូលគ្រប់ប្រភេទដោយមិនមានវិក័យប័ត្រនោះឡើយ។ ការដែលមន្ត្រីគយពីរកន្លែងនៅច្រកអានសេះ យកលុយពីទំនិញចេញ-ចូលគ្រប់ប្រភេទដោយមិនមានវិក័យប័ត្រច្បាស់លាស់ គឺប្រាកដណាស់ថា លុយទាំងនោះមិនបានចូលក្នុងហិបថវិកាជាតិទេ គឺចូលក្នុងហោប៉ៅមន្ត្រីគយនោះតែប៉ុណ្ណោះ។ ច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូម្បីតែអាជីវករតូចតាច រកស៊ីដឹកជញ្ជូនមាន់ឆ្លងដែនពីថៃចូលកម្ពុជាក៏រអ៊ូរទាំរឿងមន្ត្រីគយយកលុយនេះដែរ។ ក្រៅពីបង់ឲ្យប្រធានច្រកគឺមានភាពចាំបាច់ត្រូវបង់ឲ្យមន្ត្រីគយច្រកព្រំដែនអានសេះ និងគយចល័តដែលបោះទីតាំងនៅក្បែរនោះ ហើយក៏មានសមត្ថកិច្ចច្រើនផ្សេង ទៀតដែលក្រុមអ្នករកស៊ីតូចតាចត្រូវតែបង់ប្រាក់។ គយ ១កន្លែងត្រូវបង់យ៉ាងតិច៤៥០០០ទៅ៨ម៉ឺនរៀល ដោយមិនអាចលើកលែងបានឡើយ។ គយមាន២កន្លែង? សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍? ប្រធានច្រក? កាំកុងត្រូល….សុទ្ធតែត្រូវបង់លុយ។ ដូច្នេះក្នុងមាន់១ រ៉ឺម៉ក ដែលអូសចេញពីថៃមកនោះ ចំណាយជូនសមត្ថ
កិច្ចដ៏ឧត្តុងឧត្តមនៃយើងមិនតិចជាង៣០ម៉ឺនរៀលទេ។

មន្ត្រីសមត្ថកិច្ចនៅទីនោះជាពិសេសគយនិយាយថា ឈ្មួញដែលរកស៊ីដឹកសត្វមាន់សប្បាយរីករាយទឹកមុខញញឹមៗ បង់ប្រាក់ជូនគយ។ លោកឌុច សាមឺឌី មន្ត្រីគយដែលប្រចាំការ នៅច្រកព្រំដែនអានសេះបាននិយាយថា ឈ្មួញរកស៊ីគ្រប់ប្រភេទ សប្បាយរីករាយដោយទឹកមុខញញឹមញញែម ក្នុងការបង់ប្រាក់ជូនមន្ត្រីគយបពីព្រោះយើងមិនយកលុយច្រើននោះឡើយ។ ការលើកឡើងរបស់មន្ត្រីគយរូបនេះ គឺមានន័យថាលុយទាំងនោះសម្រាប់តែមន្ត្រីគយយកទៅប្រើប្រាស់ផ្ទាល់ ខ្លួនប៉ុណ្ណោះមិនមែនជាកាតព្វកិច្ចត្រូវបង់ជូនជាតិអ្វីទេស្របពេលដែលក្រុមអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទបានអះអាងថា ការនាំទំនិញចេញ-ចូលឆ្លងដែន នៅចំណុចច្រកអានសេះនេះការបង់លុយជូនមន្ត្រីគយនិងស្ថាប័នផ្សេងទៀតមិនមានវិក័យប័ត្រទេ។

ទាំងមន្ត្រីគយលោក​ ឌុច សាមឺឌី ក៏ដូចជាប្រធានច្រកលោក ចិន ខន្តី ត្រូវបានឈ្មួញអ្នករកស៊ីដឹកទំនិញអះអាងប្រាប់ស្រដៀងគ្នាថា មន្ត្រីនៅទីនេះធ្វើអ្វីស្រេចតែនឹងចិត្ត ពីព្រោះពួកគេយល់ថា វានៅឆ្ងាយពីភ្នែកច្រមុះរបស់ថ្នាក់ដឹកនាំ។ ដូច្នេះគ្មានការត្រួតពិនិត្យ អ្វីច្បាស់លាស់ទេទោះបីជាទំនិញនាំចូលទាំងនោះ មានបង់ពន្ធឬមិនបង់ពន្ធក៏ដោយ។ ពិសេសជាងនេះទៅទៀត ទំនិញដែលនាំចូលពីប្រទេសថៃភាគច្រើន ជិតផុតការបរិច្ឆេទប្រើប្រាស់ដែលបង្កហានិភ័យខ្លាំងដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។