ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ នៅព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន​​១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះជាជំនួបលើកទី៧ ក្រោយការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី។

តាមការឲ្យដឹង ពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រសហគ្រាសទាំង៣២នេះ ជាប្រភេទរោងចក្រកាត់ដេរ សម្លៀកបំពាក់ ចំនួន២៩, រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន១, រោងចក្រខារអំបោះ ចំនួន១ និងរោងចក្របោះពុម្ព លើក្រណាត់ចំនួន១។ ដោយឡែក សម្រាប់នៅរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស សរុបចំនួន៩,៥៩០ និងមាន កម្មករនិយោជិតសរុបប្រមាណ ៦៦ ម៉ឺន៥ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ២,០១០លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមួយមុខ មានចំនួន ៧៣៥ និងប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង ១,០៥៨ លានដុល្លារក្នុងមួយឆ្នាំ។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជាណាចក្រ នៅក្នុងឱកាសខួបនៃការឡើងគ្រងរាជ្យសម្បត្តិ ១៩វស្សា ថ្ងៃទី២៩ តុលាខាងមុខនេះ។

សម្តេចធិបតីបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែនៅជាប់ជាមួយកម្មករនិយោជិត គ្រប់កន្លែង រហូតមក។ កម្ពុជាបានបណ្តុះធនធានមនុស្សគ្រប់វិស័យទាំងអស់​ មិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករនិយោជិត កន្លងមក ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជោគជ័យ កាលពីខែកក្កដា កន្លងទៅនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំរាជរដ្ឋាភិបាលជាបន្តទៀត។

សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន ជឿនលឿនទៅមុខទៀត។ រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយផ្សេងៗរបស់កម្មករនិយោជិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រយៈពេលនៃវិបត្តិសេដ្ឋកិច្ចកន្លងមកនេះ ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី ខិតខំសម្របសម្រួលមិនឲ្យមានការឡើងថ្លៃនោះទេ។ សម្តេចធិបតីបានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិត កុំដំឡើងថ្លៃបន្តទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករកម្មការិនី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ ទោះបីជាប្រទេសមានការអភិវឌ្ឍ មិនដូចប្រទេសលោកខាងលិច ប៉ុន្តែកម្ពុជានឹងខិតខំថែរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។