ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍រីករាយ អបអរសាទរប្រកបដោយមោទនៈ ចំពោះអគារអ្នកដំណើរថ្មីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ (ប៉ោយប៉ែត)៖ អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ជាសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់រាជរដ្ឋាភិបាលសម័យតេជោ ដែលបានបង្ហាញ និងបញ្ជាក់ច្បាស់ពីមុខមាត់ និងមោទនភាពជាតិកម្ពុជា។

លោករដ្ឋមន្ត្រីថ្លែងចំណាប់អារម្មណ៍ដូចនេះ នៅពេលបានចូលរួមក្នុងពីធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគារច្រកទ្វារដ៏ស្កឹមស្កៃនេះត្រូវបានសាងសង់ឡើងនៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១។ អគារនេះបានបង្កប់ដោយរចនាបថខ្មែរ និងស័ក្តិសមជា​មុខ​មាត់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ និងមានរចនាសម្ព័ន្ធបម្រើការងារស្របតាមស្តង់ដារអន្តរជាតិ។

លោករដ្ឋមន្ត្រីបន្ថែមថា អគារថ្មីនេះមិនត្រឹមតែបម្រើផលប្រយោជន៍ដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងចូលរួមគាំទ្រដល់ការបំពេញការងាររបស់ក្រុមមន្ត្រីសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈ ជាមួយឥរិយាបថល្អ រួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ផ្នែកជំនាញ ដើម្បីប្រែក្លាយអគារ​នេះជាកន្លែងដើមទីដំបូងគេមួយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់សេដ្ឋកិច្ច និងទេសចរណ៍​ និងជាច្រកផ្លូវគោកចម្បងដែលមុនកូវីដ-១៩ បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណជា ២៨% នៃភ្ញៀវទេសចរតាមផ្លូវគោកសរុប និងប្រមាណ ៨,៧% នៃទេសចរអន្តរជាតិសរុបមកកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។