ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ដឹកនាំមន្ដ្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង២៨គ.ម ហូរឆ្លងកាត់ស្រុកចំនួន៣!

(ព្រៃវែង) ៖ នៅវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលស្រុកស៊ីធរកណ្ដាល អភិបាលស្រុកស្វាយអន្ទរ និងមេឃុំពាក់ព័ន្ធ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានអញ្ជើញចុះពិនិត្យស្ថានីយ៍បូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង២៨គ.ម ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។

ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងលើកទី១ មានចំនួន២.៩៦៩ហិកតា ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៦នៃស្រុកស្វាយអន្ទរ គឺឃុំព្រៃខ្លា , ជាខ្លាង , ស្វាយអន្ទរ ,​ អង្គរទ្រេត , មេបុណ្យ និងដំរីពួន សរុបចំនួន ២.៩៥៨គ្រួសារ។

សូមបញ្ជាក់ជូនថា ប្រភពទឹកនៃស្ថានីយ៍បូមទឹកទី២នេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។