ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួន លោក សុខ សំអុល អ្នកសារព័ត៌មានដ៍ល្បីឈ្មោះមួយរូប តាមបញ្ជារ របស់ព្រះរាជអាជ្ញាខេត្ត

ខេត្តសៀមរាប ៖ នៅវេលាម៉ោង ២២ និង ១៥នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ សំអុល អ្នកសារព័ត៌មានដ៍ល្បីឈ្មោះមួយរូប នៅក្នុងខេត្តសៀមរាប ត្រូវបានឃាត់ខ្លួននៅក្នុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប តាមបញ្ជាររបស់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្ត បន្ទាប់ពីបានចូលខ្លួនទៅឆ្លើយបំភ្លឺអស់រយៈពេលជា៨ម៉ោង តាមការកោះ នៃសំណុំរឿងលេខ ០៥៨/០២៤ ព្រ.ទ និង សំណុំរឿងលេខ ០៦១/០២៤ ព្រ.ទ ចុះកាលបរិច្ឆេទថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានដើមបណ្ដឹងឈ្មោះ សាំង សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងយោងតាមដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋម លេខៈ១០៧២ អយក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពីករណី ហិង្សារដោយចេតនា គំរាមកំហែង និងជេរប្រមាថជាសាធារណៈ និងមានដើមបណ្តឹងរបស់ឈ្មោះ ហៀប ដាវីត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមគ្គុទេសទេសចរណ៍ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងយោងតាមដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋម លេខៈ១០៧៧៣ អយក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយ ឯក ឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពីករណី ហិង្សាដោយចេតនា គំរាមកំហែង និងជេរប្រមាថជាសាធារណៈ អំឡុងពេលដែល លោក សុខ សំអុល មានបេសកកម្មចុះយកព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍ និង ករណីសង្ស័យចោរកម្ម នៅភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប កាលពីយប់ថ្ងៃ ២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

ជុំវិញករណីនេះ ក្រុមអ្នកសារព័ត៌មាន នៅក្នុងខេត្តសៀមរាប បានសម្ដែងការតក់ស្លុត ព្រួយបារម្ភ ហួសចិត្តជាខ្លាំង និងបានធ្វើការគោរពសំណូមពរថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ និង ដោះស្រាយជួយដល់ លោក សុខ សំអុល ផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *