ព័ត៌មានជាតិ

អបអរសាទរ ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៤ និងផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងផលប៉ះពាល់ដោយស្រុតច្រាំងទន្លេ ៤៨គ្រូសារ នៅស្រុកកងមាស

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសហការប្រារព្ធពិធីសំណេះសំណាល អបអរសាទរទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ « រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព » រួមជាមួយ ការផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេ ហើយត្រូវរុះរើលំនៅដ្ឋានទៅកាន់ទីសុវត្ថិភាព ចំនួន ៤៨គ្រួសារមកពី ២ភូមិ ក្នុងឃុំសូរគង ដែលបានរៀបចំ ក្នុងបរិវេណ ទីស្នាក់ការអនុសាខាស្រុកកងមាស ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការ ក្រុង ស្រុក អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី វិទ្យាល័យ ហ៊ុនសែន ពាមជីកង សរុបចំនួន ១៧៨ នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអានទាំងស្រុង នូវសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២៤ ជូនដល់អង្គពិធីទាំងមូល ដែលគោលបំណងសំខាន់នៃការប្រារព្ធទិវានេះ គឺសម្តែងកត្តញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្មួយៗ ជាយុវជន កក្រក និង បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានលះបង់ពេលវេលា កម្លាំងកាយចិត្ត និង ជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេស ការកសាងភាពធន់សហគមន៍ ការពង្រឹងកម្លាំងសកម្មនៅមូលដ្ឋាន និងការលើកកំពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីបុព្វហេតុមនុស្សធម៌ នៅគ្រប់ ទីកន្លែង។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានរំឭក អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ទាំង ៦ចំណុច ជូនគណ:កិត្តិយស គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ គ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្ត នៅតាមសហគមន៍មូលដ្ឋាន តាមរយ: ការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការថ្មីនៃភាពធន់សហគមន៍ ហើយផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ក្នុងការសិក្សាមុខជំនាញអោយបានច្បាស់លាស់ រួមជាមួយការលើកកំពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស អោយស្របតាមតម្រូវការការងារទីផ្សារក្នុងប្រទេសនិងសកលលោក។ជាមួយនេះ ត្រូវរួមគ្នាប្រឆាំងអោយបានជាដាច់ខាត នូវព័ត៌មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ហើយពង្រឹងពង្រីកវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត អប់រំ មិត្ត និង មិត្តជួយមិត្ត ចេះជួយសិស្ស និស្សិត យុវជន កាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ។
មានប្រសាសន៍ទៅកាន់ពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេទាំង៤៨គ្រួសារ នោះឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេកចំពោះមហន្តរាយធម្មជាតិដែលកើតឡើងដោយមិននឹកស្មានដល់នេះ ហើយបានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា មិនថា ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ស្រុតច្រាំង នោះទេ ត្រូវរួសរាន់រកទីកន្លែងដែលធានាសុវត្ថិភាព ការពារខ្លួនជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងជីវិត ។ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់វិធានអនាម័យស្អាត ៣យ៉ាង និង ថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ។

ដើម្បីជាការលើកទឺកចិត្តដល់ការខិតខំរបស់អ្នកស្ម័គ្រចិត្ត , ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគល់ប័ណ្ណសរសើរដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ បងប្អូន ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ក្នុងស្រុកកងមាស កន្លងមក ចំនួន ៥០នាក់ ( ស្រី ២៩នាក់) ផងដែរ ។
ចំពោះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំង ៤៨គ្រួសារ ឯកឧត្តមប្រធានគណ: កម្មាធិការសាខា បាន ឧបត្ថម្ភក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី១កេស ត្រីខ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ និងថវិកាចំនួន ១០០,០០០រៀល ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *