ខេត្តព្រៃវែង :នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្ដាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ជូនរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែង។
ក្នុងវគ្គបណ្តុះបណ្ដាលនេះដែរ មានគោលបំណងសំខាន់ៗចំនួន៤រួមមានៈ
១-យល់ដឹងពីកិច្ចការផ្សព្វផ្សាយព័ត៌មាន និងអ្នកនាំពាក្យ
២-ចែករំលែកពីបទពិសោធកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ
៣-បង្កើននូវជំនាញក្រុមព័ត៌មាន និងអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ
៤-កសាងបណ្ដាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន។
ដោយមានការអញ្ជើញចូលរួមពី៖ ប្រតិភូអមដំណើរអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ អង្គភាពសាលាខេត្ត ប្រធានលេខាធិការដ្ឋានសាលាដំបូង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីនាំពាក្យរបស់មន្ទីរ អង្គភាព នាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួន៥៥០រូប។