(ភ្នំពេញ) ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើផ្លូវបេតុង ក្នុងបុរីរំចេក ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
សពជនរងគ្រោះមានឈ្មោះ សាត់ ជឿន អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំកន្លែងកើតហេតុ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះឈររាំលើផ្លូវបេតុងម្នាក់ឯង លុះព្រឹកឡើងគេប្រទះឃើងជនរងគ្រោះដេកស្លាប់ក៏បានហៅអ្នកជិតខាងឱ្យជួយមើល និងទាក់ទងប្រាប់សាច់ញាតិជនរងគ្រោះនិងរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុ។
តាមប្រភពពីសាច់ញ្ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានសតិមិនល្អមិនមានប្រពន្ធកូននោះទេ ធ្លាប់ប្រើប្រាស់សារធាតុញៀន ដោយដើរយប់ព្រលប់មិនចូលផ្ទះសម្បែងឡើយ និងសព្វថ្ងៃរស់នៅជាមួយឪពុកម្ដាយ។
ក្រោយពីទទួលបានព័ត៌មានថាមានករណីមនុស្សដេកស្លាប់ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានចុះទៅដល់កន្លែងកើតហេតុក៏បានឃើញបុរសម្នាក់ដេកស្លាប់ពិតប្រាកដមែន និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញ កោសល្យវិច័យខណ្ឌដង្កោនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យ។
តាមការពិនិត្យវិភាគនិងកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូងបណ្ដាលមកពីការប្រើប្រាស់សារធាតុញឿនលើសកម្រិត។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សហការី