(ភ្នំពេញ) ៖ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។
សូមជម្រាបថា ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងអនុវត្តគម្រោងចំនួនពីរគឺ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម(IAIP) និងគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFACVS)។
ក្នុងកិច្ចជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងបានថ្លែងអំណរគុណចំពោះការរួមចំណែកយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ឆ្លើយតបទៅនឹងគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បន្តការវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា និងបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែង ដើម្បីឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។
លោកជំទាវនាយិកាបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក និងបញ្ជាក់ពីការពង្រីកបន្ថែមទុនវិនិយោគរយៈពេលពីរឆ្នាំទៀតរបស់ធនាគារADB លើគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម(IAIP) ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្ត និងពង្រីកលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក។
សូមបញ្ជាក់ថា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដែលគ្រោងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ២០២៥ នឹងត្រូវបន្តរយៈពេលអនុវត្ត ២ឆ្នាំបន្ថែមទៀត ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមបង្កើនការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកំពង់ធំ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ប្រកបដោយស័ក្តិសិទ្ធិភាពនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC)៕