ព័ត៌មានជាតិ

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អំពាវនាវដល់យុវជន សូមបន្តចូលរួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដេីម្បី​លើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើន​

(កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម​ បានអំពាវនាវដល់យុវជនទាំងអស់​ សូមបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងកិច្ចការអភិវឌ្ឍ សហគមន៍ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្រុមការងារវិស័យឯកជន និងអង្គការដៃគូនានា​ ដេីម្បី​លើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម​ ឱ្យកាន់តែមានការរីកចម្រើនទ្វេឡើង នៅក្នុងឆ្នាំ២០២៥នេះ។​ ការថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៥​ ស្ថិតនៅទីស្នាក់ការស.ស.យ.ក. ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេី​ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងខេត្ត សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខន្តិកៈ​ និងគោលការណ៍ណែនាំនានារបស់គណៈកម្មាធិការ ស.ស.យ.ក ថ្នាក់ កណ្តាល ដើម្បីរក្សានូវគុណតម្លៃស្នូលរបស់ ស.ស.យ.ក ដែលតម្កល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនជាធំ​ តាមរយៈការនាំយុវជន និងប្រជាជនធ្វើតែអំពើល្អ សុចរិត និងមានប្រយោជន៍ដល់សង្គមជាតិ។

ក្នុងនាម​សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញដល់ថ្នាក់ដឹកនាំ និងយុវជន ស.ស.យ.ក ទាំងអស់​ សូមបន្តពង្រឹងវប្បធម៌សាមគ្គីភាព និងកិច្ចសហការគ្នា​ ក្នុងស្មារតីបម្រើជាតិ និងប្រជាជន សំដៅចូលរួមចំណែកជួយលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម​ ឱ្យកាន់តែរស់រវើក និងមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។​

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានក្រេីនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង និងពង្រីកសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំ​ តាមរយៈការសិក្សាអប់រំ និងមធ្យោបាយនានា ដើម្បីពង្រឹង ពង្រីកបរិមាណ និងគុណភាពរបស់យុវជននៅមូលដ្ឋាន ជំរុញទឹកចិត្ត​ ឱ្យយុវជនបង្កើនការចូលរួមអនុវត្ត​ សកម្មភាពជួយសង្គមបន្តទៀត និងបណ្តុះអ្នកដឹកនាំបន្តវេន​ ឱ្យបានកាន់តែច្រើន នៅថ្នាក់មូលដ្ឋាន ហើយសូមធ្វើកិច្ចការនេះឱ្យបានជាប់ជាប្រចាំផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *