ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យវឌ្ឍនភាពការងារទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅខាងក្រោយវត្តមាន់ដប់ ស្រុកស្រីសន្ធរ!

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកធ្វើការងារនេះដោយផ្ទាល់តែម្ដង ចាប់តាំងពីចុង ខែធ្នូ ឆ្នាំ២០២៤ ដោយសហការជាមួយ អាជ្ញាធរខេត្តកំពង់ចាម បន្ទាប់ពីមានការស្នើសុំនិងសំណូមពរ ឲ្យមានកិច្ចអន្តរាគមន៍ ពីខេត្ត ទៅលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ទើបឈានឲ្យមានការសាងសង់នោះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *