ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖តើរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនដូចម្តេចខ្លះ?

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន ហើយការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺរាជរដ្ឋាភិបាលគ្រប់អាណត្តិតែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់២ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងយ៉ាងដូច្នេះដែរ បានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *