ព័ត៌មានជាតិ

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១ ៣៥៤គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់

(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១ ៣៥៤គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

លោក អ៉ី ធារិន ប្រធានអនុគណៈកម្មាធិការសាខាកាកបាទក្រហមស្រុកព្រៃនប់ បានធ្វើរបាយការណ៍ ស្តីពីខ្យល់កន្រ្តាក់រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ និងថ្ងៃ១២ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន៦ មានចំនួន ១ ៣៥៤ខ្នងផ្ទះ រលំចំនួន ០៣ខ្នង និងរបើកដំបូលចំនួន ១.៣៥១ខ្នង ក្នុងនោះមានដូចជា ៖
១.ឃុំសាមគ្គី របើកដំបូលផ្ទះចំនួន ៤៣២ខ្នងផ្ទះ
២.ឃុំទឹកល្អក់របើកដំបូលចំនួន ៣៥៧ខ្នងផ្ទះ និងរលំ ០២ខ្នងផ្ទះ
៣.ឃុំទឹកថ្លារបើកដំបូល ៥៥៩ខ្នងផ្ទះ និងរលំ ០១ខ្នងផ្ទះ
៤.ឃុំវាលរេញរបើកដំបូល ០១ខ្នងផ្ទះ
៥.ឃុំសំរុង របើកដំបូល ០៤ខ្នងផ្ទះ
៦.ឃុំបឹងតាព្រហ្ម របើកដំបូល ០១ខ្នងផ្ទះ ធ្វើឱ្យខូចខាតស័ង្កសីចំនួន ៧.២៦៤សន្លឹក។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងបានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមនាពេលនេះ និងសូមចូលរួមសោកស្តាយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ដែលបានធ្វើឱ្យមានការបាត់បង់ខូចខាតទ្រព្យសម្បត្តិ ហើយអំណោយទាំងអស់នេះវាអាចជួយបានមួយគ្រា ដែលជាគោលការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ និងធ្វើការណែនាំឱ្យសាខាកាកបាទក្រហមជួយពុកម៉ែជួបការលំបាក នេះជាទឹកចិត្ត និងស្មារតីនៃមាតាមនុស្សធម៌ ព្រមទាំងបានធ្វើការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះគ្រោះធម្មជាតិខ្យល់កន្រ្តាក់ និងសូមចូលរួមសោកស្តាយដល់បងប្អូន ហើយអ្វីដែលយើងជួយបានក្នុងក្របខណ្ឌកាកបាទក្រហម ចំពោះស័ង្កសី ក្រុមការងារនឹងរៀបចំចាត់ចែងចែកជូនពុកម៉ែ ពូមីងជាបន្តបន្ទាប់នៅពេលខាងមុខ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អរគុណក្រុមការងារកាកបាទក្រហមខេត្ត ស្រុក និងអ្នកស្ម័គ្រចិត្តចាត់ចែកយកសម្ភារយកមកចែកជូនបងប្អូននាពេលនេះ នេះជាការចូលរួមលះបង់ក្នុងនាមគ្រួសារខ្មែរតែមួយ ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ដោយមិនបានយកចិត្តទុកដាក់នោះទេ គឺយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់រូបដែល មានការជួបការលំបាក។

ឯកឧត្តម បានបន្តថា ស្រុកព្រៃនប់ទទួលរងនូវគ្រោះធម្មជាតិចំនួនពីរលើកអំឡុងចុងឆ្នាំ២០២៤នេះ និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលរួមក្រោមម្លប់សន្តិភាព កម្ពុជាមានការអភិវឌ្ឍ និងមានការវិនិយោគជាបន្តបន្ទាប់ ពិសេសការវិនិយោគនៅខេត្តព្រះសីហនុ ដែលខេត្តមានសក្តានុពលផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។ សង្ឃឹមថា ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើននៅពេលខាងមុខ ហើយកូនចៅប្រជាពលរដ្ឋនឹងមានការងារកាន់តែច្រើន។

ឯកឧត្តម បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផ្តោសំខាន់ដូចជា ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសការបណ្តុះបណ្តាលវិស័យអប់រំ ការរៀបចំប្រព័ន្ធសុខាភិបាល ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ស្ត្រីដែលមានផ្ទៃពោះ សូមអញ្ជើញទៅពិនិត្យសុខភាព ដើម្បីសុខភាពមាតា និងទារក នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ១ ៣៥៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) ថវិកា ៥០ ០០០រៀល។ ដោយឡែកអ្នករលំផ្ទះ ០៣គ្រួសារ ឧបត្ថម្ភ ១គ្រួសារ តង់១ សម្ភារផ្ទះបាយ ១ឈុត និងថវិកា ១លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *