ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ហេតុអ្វីបានជា កម្ពុជា ប្រែក្លាយពីប្រទេសគ្មានអង្ករគ្រប់គ្រាន់ ទៅជាប្រទេសដែលសម្បូរស្រូវ-អង្ករ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលខ្វះស្រូវ-អង្ករទទួលទាន ប៉ុន្តែឥឡូវនេះ បានក្លាយទៅជាប្រទេសមួយដែលមានស្រូវ-អង្ករគ្រប់គ្រាន់ រហូតដល់នៅសល់សម្រាប់ការនាំចេញទៀតផង។

ជុំវិញបញ្ហាពិបាករកទីផ្សារ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារប្រទេសឥណ្ឌា ចាប់ផ្តើមធ្វើការនាំចេញអង្ករឡើងវិញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលហេតុមួយដែលកាត់បន្ថយទីផ្សារនាំចេញអង្កររបស់ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតប្រទេសមួយចំនួន ដូចជាឥណ្ឌូនេស៊ីជាដើម បានសម្រេចកាត់បន្ថយការនាំចូលអង្ករពីប្រទេសផ្សេងៗ រួមទាំងកម្ពុជា វៀតណាម និងថៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាកសិករនឹងផ្តល់ការយោគយល់នូវស្ថានភាពរួម មិនមែនរដ្ឋាភិបាល មិនយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ យើងមានស្រូវ បើសិនជាយើងមិនបន្ទាន់ពេកទេ យើងអាចហាលទុកក្នុងជង្រុក ចាំពេលណាតម្លៃល្អយើងអាចលក់ចេញក៏បាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពិតហើយដែលប្រជាកសិករមានតម្រូវការសងទៅធនាគារ ដោយសារបញ្ហាការទិញនេះទិញនោះ​ ក៏ប៉ុន្តែហោចណាស់គឺបានបញ្ជាក់ច្បាស់ថាយើងមានអង្ករច្រកឆ្នាំង ដែលចំណុចនេះកាលពីមុនយើងអត់មានអង្ករច្រកឆ្នាំងនោះទេ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានផ្តល់ការទុកចិត្តចំពោះអ្នកបន្តវេន ដែលមិនធ្វើឲ្យមានការច្របូកច្របល់នាំទៅដល់ការភ័យខ្លាចទៅដល់ប្រជាជន ហើយនឹងមិននាំទៅដល់ស្ថានភាពអាក្រក់ណាមួយដែលគ្រប់គ្រងមិនបាននោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *