(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីសាខា និងអ្នកស្ម័គ្រចិត្តសាខា អញ្ជើញសួរសុខទុក្ខលោកស្រី ចាប វណ្ណា ជាអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម ដែលលោកស្រីមានជំងឺលើសឈាម និងទឹកនោមផ្អែម (កាត់ជើងម្ខាង) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី ចាប វណ្ណា ដោយសេចក្តីនឹករលឹក និងចូលរួមអាណិតអាសូរចំពោះលោកស្រី ជាពិសេសនូវរាល់សកម្មភាពដែលលោកស្រីបានចូលរួមបំពេញការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ នាពេលកន្លងមក ទោះបីលោកស្រីមានជំងឺ ក៏ប៉ុន្តែលោកស្រីនៅតែបន្តចូលរួមគ្រប់សកម្មភាពមនុស្សធម៌ក្នុងក្រុងព្រះសីហនុ ដោយមិនរុញរា និងសូមជូនពរលោកស្រីបានឆាប់ជាសះស្បើយពីជំងឺនៅពេលខាងមុខ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានបន្តថា ការមកសួរសុខទុកនាពេលនេះ ថ្វីត្បិតមានការយឺតក៏ពិតមែន តែសាខាកាកបាទក្រហមខេត្តរបស់យើង តែងតែយកចិត្តទុកដាក់ចំពោះសមាជិករបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រាក្នុងខេត្តព្រះសីហនុ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងអាហារដោយយើងមិនបានគិតគូរនោះទេ ហើយចំពោះអំណោយដែលសាខាបានធ្វើការចែកជូននាពេលកន្លងមក មិនមានប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយនោះទេ គឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជានៅជាមួយបងប្អូនជានិច្ច។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកសម្ភារៈរបស់សាខាផ្ដល់ជូនមានដូចជា អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២លានរៀល៕