នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចសិក្សានៅតំបន់ Qianhai Comprehensive Bonded Zone ជាតំបន់ភណ្ឋាគារមួយស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរី Qianhai-Shekou ដែលផ្តោតលើការសម្រួលពាណិជ្ជកម្ម សេវាកម្មទំនើប និងនវានុវត្តន៍។
សូមបញ្ជាក់ថា តំបន់នេះ ត្រូវបានបង្កើតឡើងដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណែទម្រង់សេដ្ឋកិច្ច របស់រដ្ឋាភិបាលចិន ក្នុងគោលបំណងជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម ជំរុញសហប្រតិបត្តិការឆ្លងព្រំដែន និងទាក់ទាញវិនិយោគិនអន្តរជាតិ។
នៅក្នុងតំបន់ភណ្ឋាគារ ទំនិញអាចត្រូវបាននាំចូល រក្សាទុក កែច្នៃ ឬនាំចេញឡើងវិញ ដោយមិនចាំបាច់ ជាប់ពន្ធគយ ឬពន្ធពាក់ព័ន្ធ រហូតដល់ទំនិញទាំងនោះត្រូវបានបញ្ចេញទៅទីផ្សារក្នុងស្រុក។ តំបន់ប្រភេទនេះ ត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគពីបរទេស និងគាំទ្រដល់ឧស្សាហកម្មនាំចេញ ដោយផ្តល់នូវអត្ថប្រយោជន៍សន្សំសំចៃដូចជា ការពន្យាពេលពន្ធ នីតិវិធីគយមានភាពបត់បែន។