ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖តើការដែលខ្មែរចុះខ្សោយតាំងពីជំនាន់ក្រោយអង្គរមក ដោយសារកត្តាអ្វីខ្លះ?

(ភ្នំពេញ) ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្វែងរកសន្តិភាពគឺលំបាកណាស់ ឯការថែរក្សាសន្តិភាពគឺកាន់តែលំបាកទៅទៀត ដែលទាមទារឱ្យកូនខ្មែរ ត្រូវយល់គ្នា ពោលគឺត្រូវយល់ពីកត្តាប្រវត្តិសាស្រ្តដែលថា «ខ្មែរចុះខ្សោយមិនមែនមកពីគេវាយលុកទេ ប៉ុន្តែកត្តាធំបំផុតគឺដោយសារយើងបែកបាក់គ្នា វាយគ្នាផ្ទៃក្នុងតាំងពីជំនាន់ក្រោយអង្គរមក» ដែលទុកឱកាសអោយយើងកាន់តែខ្សោយទៅៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការថែរក្សាសាមគ្គីភាព ការថែរក្សាសន្តិភាពនៅក្នុងប្រទេសគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ ហើយបើយើងនៅតែមិនទុកចិត្តគ្នាឯងដោយឈានទៅដល់ការឈ្លោះគ្នាឯងនេះហើយជាបញ្ហាដែលសង្រ្គាមវិលត្រឡប់ពោលគឺ សង្រ្គាមអារម្មណ៍ សង្រ្គាមការបាត់បង់សាមគ្គី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយល់ឱ្យច្បាស់អំពីអត្ថន័យនៃវិមានឈ្នះឈ្នះ អត្ថន័យទិវាសន្តិភាព អត្ថន័យសៀវភៅប្រវត្តិសាស្ត្រខ្មែរថ្នាក់ទី៦ថ្មី និងគោលគំនិតដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *