ព័ត៌មានជាតិ

បុរសម្នាក់បែកថ្នាំដុតផ្ទះឆេះអស់២ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ នៅស្រុកអណ្តូងមាស!

ខេត្តរតនគិរី៖ ផ្ទះឈើ២ខ្នងបានឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ បន្ទាប់ពីក្មួយប្រុសម្ចាស់ផ្ទះបានលួចដុតបំផ្លិចបំផ្លាញចោលអស់ ហើយបានកាប់ទៅលើជីតារបស់ខ្លួន បណ្តាលឲ្យរងរបួសថែមទៀត ខណ:ក្មួយ ប្រុសម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

លោក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣កុម្ភ: ថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តសមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវមុខសញ្ញានិងឈានទៅដល់ឃាត់ខ្លួនជន សង្ស័យ ឈ្មោះ រម៉ាម ដាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ច្រាយ ត្រូវជាក្មួយរបស់ជនរងគ្រោះដែលបានដុតបំផ្លាញផ្ទះអស់ទាំងស្រុងចំនួន២ខ្នង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅវេលាម៉ោង២៣និង០០នាទី ខ្លួនបានចូលផ្ទះហូបបាយ ហើយបានសុំបារី១ដើមពីជីតាឈ្មោះ សល់ ហឹង អាយុ៧០ឆ្នាំ ដោយខ្លួនមានដែកកេះនៅជាប់និងខ្លួនផងនោះ ក៏បានចូលទៅដេក។ បន្ទាប់ពីយល់សុបិនឃើញខ្មោចលងខ្លួន បានភ្ញាក់ឡើង ហើយអង្គុយម្នាក់ឯងរហូតដល់ម៉ោង៥ និង១០នាទី ក៏បាននឹកខឹងផ្ទះរបស់ឈ្មោះ សល់ ធឺម មានខ្មោចលងខ្លួន ហេីយក៏បានចូលទៅក្នុងផ្ទះឈ្មោះ សល់ ធឺម បានឃេីញប៊ីដុងសាំងប្រហែល៥លីត្រ រួចចាក់សាំងដុតផ្ទះ និងដើរចេញដោយកាន់កាំបិតផ្កាក់ចេញពីផ្ទះឈ្មោះ សល់ ធឺម មិនយូរប៉ុន្មានបានឃើញឈ្មោះ ក្លាន អឺត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាំងសេ ក៏បានកាប់នឹងកាំបិតផ្កាក់ត្រូវចំនួន២កន្លែង គឺចំ.កដៃខាងស្ដាំ ១កាំបិត និងចំស្មាឆ្វេង១កាំបិត។

លោកអធិការបានបញ្ជាក់ថា ពេលកាប់ជីតារបស់ខ្លួនរួចមក ក៏បានរត់គេចខ្លួនទៅតាមវាលស៊ុន(វាលស្រែ)ផ្លូវឆ្លងកាត់ទៅភូមិផ្ដល់ ឃុំសេសានស្រុកអូរយ៉ាដាវ បំណង រត់គេចខ្លួនទៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បន្ទាប់មក សមត្ថកិច្ចបានស្វែងរកចាប់ខ្លួនដល់ចំណុចកំពុងចម្លងភូមិផ្ដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ទេីបចាប់បាន។

ចំពោះវត្ថុតាងកាំបិតផ្កាក់ជនសង្ស័យបានបោះចោលនៅក្នុងព្រៃ ពុំចាំទីកន្លែងខណ:ពេលរត់គេចខ្លួននោះ។

ម្ចាស់ផ្ទះទី១ ឈ្មោះ សល់ ធឺម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិច្រាយ មានសមាជិក ៤នាក់ ខូចខាចផ្ទះទំហំ ៦គុណ៧ម៉ែត្រ ប្រក់សង្ក័សី បាំងក្តារ ហើយសម្ភារ:បាត់បង់រួមមាន៖

១-ម៉ាស៊ីនកាត់ស្មៅ២,

២- ម៉ាស៊ីនភ្លើង១

៣-ម៉ាស៊ីនត្រង់ស៉ីន័រ១

៤-ស្រូវ១តោន

៥-លុយចំនួន៥លានរៀល។

ម្ចាស់ផ្ទះទី២ ឈ្មោះ សល់ ហឺង ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិច្រាយ មានសមាជិកចំនួន៩នាក់ សម្ភារ:ខូចខាចផ្ទះ៩គុណ១០ម៉ែត្រ ប្រក់ប្រូស៊ីម៉ង់ បាំងក្តារនិងក្រាលក្តារ និងរបស់របរផ្ទះបាយមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការទៅតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *