(ព្រៃវែង) ៖នាព្រឹក ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមសួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជា ខេត្តព្រៃវែង ដែលពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្រោមការដឹកនាំដោយគណបក្សប្រជាជន កម្ពុជា មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលជាប្រមុខដឹកនាំ ប្រកបដោយវីរៈភាព អង់អាច ឈ្លាសវៃ និងភាពប៉ិនប្រសប់ ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ និងការទទួលខុសត្រូវខ្ពស់ បានដាក់ចេញនូវ យុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ក្នុងបេសកកម្មថែរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។
ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់យុវជនថ្នាក់កណ្តាល ដែល មាន សម្តេចមហាបវរធិបតី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ឯកឧត្ដម សួន សុម៉ាលីន ក្នុងនាមក្រុមការងារយុវជន គណបក្សខេត្ត និងយុវជនគណបក្សខេត្តទាំងមូល សូមធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖
១-សូមគាំទ្រដោយឥតងាករេចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ។
២-សូមគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ។
៣-បេជ្ញាគោរពឲ្យបានដាច់ខាតនូវលក្ខន្តិកៈ គោលការណ៍ បទបញ្ជា របស់គណបក្សប្រជាជនកម្ពុជា ។
៤-គាំទ្រនិងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យទទួលបានជោគជ័យ ។
៥-ជម្រុញកំណើនសេដ្ឋកិច្ចរបស់គ្រួសារប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការធ្វើពិពិធកម្មកសិកម្មដំណាំស្រូវ ។
៦-ចូលរួមដោះស្រាយរាល់សំណើសំណូមពររបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានអោយអស់ពីសមត្ថភាព ។
៧-ចូលរួមថែរក្សាការពារ និងអភិវឌ្ឍបន្ថែមនូវរាល់សមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុក និងបន្ត ចូលរួមរាល់សកម្មភាពមនុស្សធម៌ និងសង្គម ដើម្បីលើកស្ទួយសុខដុមនីយកម្ម និងរក្សាបាននូវសុខសន្តិភាព ដែលបានមកដោយសារការពលី បូជាសាច់ស្រស់ ឈាមស្រស់ នៃបុព្វបុរស និងវិរៈបុរសរបស់គណបក្ស ប្រជាជនកម្ពុជា។
៨-បន្តថែរក្សា អប់រំបំពាក់បំប៉ន ដល់យុវជនបន្តវេន ដែលជាក្តីសង្ឃឹមនាពេលអនាគតរបស់គណបក្ស និង ប្រទេសជាតិ ឲ្យទទួលបានការអប់រំបណ្តុះបណ្តាល ប្រកបដោយសីលធម៌ល្អ មានវិន័យ ដែលអាចជា កម្លាំងចលករ ប្រកបដោយសក្តានុពល នាពេលអនាគតជូនគណបក្ស ប្រទេសជាតិ និងប្រជាជន ដើម្បី រួមចំណែកបម្រើសង្គមជាតិ ថែរក្សាកេរ្តិ៍ដំណែល វប្បធម៌ដ៏ល្អផូរផង់របស់គណបក្ស និងផ្សព្វផ្សាយ គៀងគរ យុវជនឲ្យគាំទ្រ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ។
៩-រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឲ្យបានរឹងមាំ៕