ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង សុីណេត បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា

(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ និងអបអរសាទរខួបទី៧៣ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជា ប៉ាគីស្ថាន ព្រមទាំងបានជំរាបជូនពីសក្តានុពល វិទ្យាសាស្ត្រ និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ខេត្តមាន ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ និង ១១១ភូមិ មានកោះតូច ធំ ៣២ ថ្មដុះ១ ថ្មប៉ប្រេះទឹក៥ មានឧទ្យានជាតិលើគោក និងបាតសមុទ្រ មានឆ្នេរសមុទ្រស្រស់ស្អាតប្រវែង ១៧៥គីឡូម៉ែត្រ ទាំ អស់នេះជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តស្នាក់នៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ជាខេត្តស្នូលនៃខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ទន្ទឹមនោះ ខេត្តមានសក្តានុពលធំៗចំនួន៣ ក្នុងនោះមានផ្លូវគោក ផ្លូវទឹក និងអាកាស ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើង ផ្លូវអាកាស មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ វែងជាងនៅរាជធានីភ្នំពេញ ផ្លូវទឹក មានកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងធ្វើការអភិវឌ្ឍជាបីដំណាក់កាលចាប់ពី២០២៤ ដល់ ២០២៩ ឱ្យមានជំរៅទឹករហូត ១៧,៥០ម៉ែត្រ អាចនិយាយបានថា នាវាដែលធ្វើចរាចរណ៍នៅលើពិភពលោក អាចចូលចតបាន។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកចេញជា ៣តំបន់ មានដូចចា ១.តំបន់ដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម ៣.តំបន់ទេសចរណ៍ (តំបន់កោះ)។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤-២០២៥ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ។

ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុរណឯកឧត្តមអភិបាលខេត្ត និងសហការី ដែលបានចែករំលែកពីសក្តានុពលរបស់ខេត្តព្រះសីហនុ ពិសេសតំបន់ទេសចរណ៍នៅកោះរ៉ុង។ ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុជំរុញការអភិវឌ្ឍមានការរីកចម្រើនបន្ថែមទៀត ទន្ទឹមនោះឯកឧត្តម ក៏បានស្នើសុំជួយអន្តរាគមន៍សម្របសម្រួលផ្នែកផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋប៉ាគីស្ថាន កំពុងធ្វើការ និងស្នាក់នៅខេត្តព្រះសីហនុ ដែលពួកគាត់ចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ ឬក្នុងករណីមានគុណវិបត្តិផ្សេងៗណាមួយ សូមជួយសម្របសម្រួលសហការចាប់ដៃគ្នា ផ្តល់ព័ត៌មានកាន់តែមានភាពស្និតស្នាលបន្ថែមទៀត។

ជាការឆ្លើយតបទៅសំណូមពររបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន អភិបាលខេត្តទទួលយកនឹងសូមឱ្យជនបរទេសដែលមានបញ្ហា សូមដាក់ពាក្យបណ្តឹងមកអាជ្ញាធរខេត្ត អាជ្ញាធរនិងខិតខំដោះស្រាយជូនជនបរទេសគ្រប់ជាតិសាសន៍ដែលមកបំរើការងារ និងស្នាក់នៅខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តសូមសហការ និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើនវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងនាំមកនូវទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍កាន់តែល្អថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *