(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នសមត្ថភាពយោធា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានធ្វើរបាយការណ៍ហ្វឹកហ្វឺនរៀនសូត្រក្នុងឆ្នាំ២០២៤នេះ មានសិក្ខាកាមចូលចំនួន ៧៣នាក់ ក្នុងនោះ គ្រប់គ្រងចំនួន ៦នាក់ -បំរើការរោងបាយចំនួន ៣នាក់ -យោធាចារ្យចំនួន ១៤នាក់ និងកម្មសិក្សាការីចំនួន ៥០នាក់ វគ្គនេះមានរយៈពេល ៩១ថ្ងៃ។ ក្រោយពេលចុងបញ្ចប់ការងារហ្វឹកហ្វឺន សិក្ខាកាមបានធ្វើយុទ្ធដំណើរទ័ពដោយថ្មើរជើងចំងាយ២៦គីឡូម៉ែត្រ រយៈពេលពីរថ្ងៃ មួយយប់ និងដោះស្រាយឧបទ្ទហេតុផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងផ្តាំផ្ញើបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងសមត្ថភាពយោធាដល់នាយទាហាន នាយទាហានរង និងពលទាហានរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដល់មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានកម្មសិក្សាការី នៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ត្រូវយកចិត្តទុកដាក់អនុវត្តនូវការងារចាំបាច់មួយចំនួនដូចខាងក្រោម៖
១-ត្រូវមានវិជ្ជាជីវៈខ្ពស់ ស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាជន គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានាប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន
២-ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍខេត្តលើគ្រប់វិស័យ
៣-ត្រូវយកចិត្តទុកដាក់ប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យមានប្រសិទ្ធភាព ពោលគឺប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធបរិក្ខារយោធា ព្រមទាំងស្បៀងអាហារជាដើមឱ្យបានត្រឹមត្រូវ និងគង់វង្ស
៤-ត្រូវពង្រឹងការហ្វឹកហ្វឺនរៀនសូត្រកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិឱ្យមានប្រសិទ្ធភាព។ ជាពិសេសបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច យុទ្ធវិធីចាំបាច់ អភិរក្សក្បាច់គុណដែលបុព្វបុរសយើងបានបន្សល់ទុក ដូចជាក្បាច់គុណល្បុក្កតោ យុទ្ធគុណខម និងគុណខ្មែរជាដើម។
៥-ត្រូវបន្តអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតឡើងជាយថាហេតុ។ ត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនជនរងគ្រោះ ផ្តល់សេវាថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដីក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ។
៦-ត្រូវយកចិត្តទុកដាក់ធានាកិច្ចការភស្តុភារ និងសុខាភិបាល ដើម្បីធានានូវជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឲ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា ក្រោយពីបានហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពក្នុងវគ្គនេះរួច កម្មសិក្សាការី និងយកចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យសម្រាប់បម្រើជាតិ មាតុភូមិ និងប្រជាជនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ មានកម្រិតយល់ដឹងខ្ពស់ មានវិន័យរបៀបរៀបរយការងារ អត្តចរិកថ្លៃថ្នូរ មានសីលធម៌ស្អាតស្អំ សាមគ្គីភាពផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនវគ្គហ្វឹកហ្វឺនចំនួន ១០លានរៀល៕