ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងកសាងអគាររ៉ាដា និងអគារសារមន្ទីរនៃការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម នៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល

(កណ្ដាល) ៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ឯកឧត្តម ស៊្រុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងគម្រោង ដើម្បីដំឡើង និងកសាងអគារធ្វើការ អគាររ៉ាដា និងអគារសារមន្ទីរនៃការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម វិស័យផ្សព្វផ្សាយព័ត៌មានជាតិ វប្បធម៌ និងអភិរក្សប្រាសាទដែលមានស្រាប់នៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា ការចុះពិនិត្យទីតាំងជាក់ស្តែងនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកប្រធាន អនុប្រធាននាយកដ្ឋាននៃស្ថាប័នអន្តរក្រសួង ព្រមទាំងមន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រងនិងអនុវត្តម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរថ្នាក់ក្រោមជាតិនៃស្រុកពញាឮ ខេត្តកណ្តាល ជាច្រើនរូបទៀត។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលបេសកកម្មចុះត្រួតពិនិត្យខាងលើទទួលបានជោគជ័យល្អប្រសើរ ខណៈក្រុមការងារនឹងពន្លឿននីតិវិធីចុះបញ្ជីដីធ្លីឱ្យបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ដៃគូអភិវឌ្ឍន៍។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា គម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *