(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនស្តីពីកាលបរិច្ឆេទ នៃដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត និងធ្វើការពង្រឹងសមត្ថភាពជូនដល់មន្ត្រីក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត មន្ត្រីការិយាល័យគាំទ្រឃុំ សង្កាត់ នៃរដ្ឋបាលក្រុង ស្រុក និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ស្មៀន និងតំណាងគ.ផ.ថ។
លោកជំទាវ យ៉ឹង សុឃឿន មានប្រសាសន៍ថា ដោយអនុវត្តតាមក្រសួងផែនការស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគរំកិលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ រដ្ឋបាលខេត្ត មន្ទីរផែនការខេត្ត ធ្វើការផ្សព្វផ្សាយប្រតិទិនស្តីពីកាលបរិច្ឆេទ នៃដំណើរការ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨របស់រដ្ឋបាលខេត្ត និងក៏ជាកិច្ចផ្សព្វផ្សាយជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យបានជ្រាបពីការចាប់ផ្តើម ដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងគោលដៅស្របតាមផែនការយុទ្ធសាស្ត្រ ថវិកាដែលត្រូវឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ ព្រមទាំងការអនុវត្តឱ្យត្រូវ និងក្របខ័ណ្ឌពេលវេលា នៃកិច្ចដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងជាវិធីសាស្ត្រសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអាចកំណត់នូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា។
លោកជំទាវ សង្ឃឹមថា ក្រុមការងារកសាងផែនការនិងកម្មវិធីវិនិយោគខេត្តនិងចូលរួមយ៉ាងសកម្មក្នុងការតាមដាន និងធ្វើការពិភាក្សាបានយ៉ាងផុសផុល និងស៊ីជម្រៅ ដោយមានការវិភាគបានគ្រប់ជ្រុងជ្រោយលើខ្លឹមសារ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច (ភាពរីកចម្រើន និងបញ្ហាប្រឈម)គោលបំណងទិសដៅសំខាន់ៗ វិស័យនីមួយៗដែលមាននៅក្នុងផ្នែកទាំងបួន។ ដោយឡែករដ្ឋបាលថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនាពេលនេះគឺមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុកទទួលបន្ទុកការងារកសាងផែនការក្រុង ស្រុក និងលោក លោកស្រី មេឃុំចៅសង្កាត់ព្រមទាំងស្មៀនគ្រប់ឃុំ សង្កាត់ ក្រោយពីកិច្ចប្រជុំផ្សព្វផ្សាយនេះទៅ ត្រូវបន្តអនុវត្តឱ្យសម្រេចបានទៅតាមផែនការស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលរៀងៗខ្លួន និងមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពនិងបំពេញបានតាមតម្រូវការ នៃសេចក្តី ត្រូវការរបស់សហគមន៍មូលដ្ឋាន ទទួលបានជោគជ័យនិងសម្រេចបានតាមក្របខណ្ឌពេលវេលា៕