(ភ្នំពេញ) ៖ ម៉ូតូ១គ្រឿងមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ត្រូវបានចោរលួចយកបាត់ ក្នុងពេលដែលម្ចាស់ចតទុកនៅខាងក្រោមដោយបានចាក់សោក និងសោរជន្ទុលត្រឹមត្រូវរួចឡើងទៅដេកនៅក្នុងបន្ទប់ជួលជាន់ខាងលើ ។
ប៉ុន្តែសំណាងល្អ បានប្រព័ន្ធ GPS នោះហើយទើបអាចដឹងពីទីកន្លែងដែលក្រុមចោរកំពុងលាក់ខ្លួន បន្ទាប់មកនគរបាល និងម្ចាស់ម៉ូតូខាងលើបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងយកម៉ូតូបានមកវិញ ។
ការចាប់ខ្លួននោះ នៅក្នុងពេលដែលជនសង្ស័យខាងលើ កំពុងជិះម៉ូតូនោះចេញពីកន្លែងលាក់ខ្លួន ដើម្បីគេចខ្លួនបន្ត ឬយកម៉ូតូដែលលួចបាននេះទៅលក់ ឬ ដាក់បញ្ចាំ និងលាក់ទុកនៅទីកន្លែងណាមួយផ្សេងទៀត ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទី ជិតភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ ផាន សុផាត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដោយឡែក បក្ខពួកម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះរត់គេចខ្លួនបាត់ ។ ក្រុមនេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LC-1803 ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ចាន់ រិទ្ធ អាយុ២០ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។
យុវជនដែលជាម្ចាស់ម៉ូតូខាងលើ បានប្រាប់ឲ្យដឹងថា ម៉ូតូ១គ្រឿងនោះខ្លួនបានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ដើម្បីការពារខ្លាចចោរលួច ហើយនៅវេលាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខ្លួនបានទុកម៉ូតូនោះនៅខាងក្រោមដោយបានចាក់សោក និងសោជន្ទុលត្រឹមត្រូវមិនហ៊ានធ្វេសប្រហែសនោះទេ ។
បន្ទាប់មកទើបឡើងទៅដេកនៅក្នុងបន្ទប់ជួលជាន់ខាងលើ លុះដល់ពេលកើតហេតុវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃដដែល ពេលចុះក្រោមវិញ ដើម្បីយកម៉ូតូជិះ ស្រាប់តែចោរលួចយកទៅបាត់ស្រមោល ។
យុវជនរូបនេះបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយមកខ្លួនក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ស្វែងរកម៉ូតូ និងចាប់ខ្លួនជនសង្ស័យ ហើយជាសំណាងល្អ ដោយសារតែម៉ូតូមានភ្ជាប់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ទើបដឹងពីទីតាំងដែលជនសង្ស័យកំពុងលាក់ខ្លួននៅម្ដុំភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ពេលនោះនគរបាលប៉ុស្តិ៍ចោមចៅទី៣ រួមទាំងខ្លួនបានទៅរកចំណុចនោះ ហើយរហូតដល់វេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល ក៏បានឃើញជនសង្ស័យ២នាក់កំពុងជិះតាមផ្លូវ ក្នុងភូមិខាងលើ រួចក៏ឃាត់ខ្លួនបានម្នាក់ និងយកម៉ូតូបានមកវិញ រីឯបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ ។
ក្រោយពេលឃាត់ខ្លួននគរបាលបាននាំយកជនសង្ស័យខាងលើទៅធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕សហការី