ព័ត៌មានជាតិ

ពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាច្រើនរូប។

ពិធីនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ច លោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តព្រះសីហនុ និងលោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលវិញ។

ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងនាមក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមស្វាគមន៍ និងអបអរលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ក្នុងការចូលរួមការអនុវត្តការងារជូនខេត្ត និងចូលរួមការអភិវឌ្ឍឱ្យបានរីកចម្រើននូវសមិទ្ធផលថ្មីៗជាច្រើនទៀត។ ខេត្តព្រះសីហនុ សូមគាំទ្រ និងលើកទឹកចិត្តលោកឱ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងារដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តព្រះសីហនុ ប្រកបដោយភាពរលូន និងសម្រេចបានជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាពេលនេះ និងបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តកណ្តាលវិញ ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និង សម្រេចសមិទ្ធផលជាច្រើនជូនខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពរីកចម្រើនគួរជាទីមោទនៈ ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការធានាការផ្តល់សេវាសាធារណៈជូនសាធារណជន និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច។

គួរបញ្ជាក់ថា ការសម្រេចធ្វើការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ ទាំងទៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់ គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *