(កំពង់ចាម) ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ត្រូវថែរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគឺ សុខសន្តិ ភាព និងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ការថ្លែងបែបនេះក្នុងកិច្ច ប្រជុំដកបទពិសោធន៍ការងារផ្សព្វផ្សាយ និងការអនុវត្តរគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ខេត្តកំពង់ចាម ព្រៃវែង ព្រះវិហារ ពោធិសាត់ និងខេត្តរតនគីរី ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ខេត្តត្រូវធ្វើការងាររួមមាន ទី១-ត្រូវ ថែរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទី២-ត្រូវពង្រឹងគុណភាព ទាំងប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈ ទី៣-ត្រូវជំរុញក្នុងការអភិវឌ្ឍ ការចាប់ដៃគូវិនិយោគ ដើម្បីផ្តល់នូវ ឱកាសការងារជូនប្រជាពលរដ្ឋរបស់យើង ឱ្យទទួលបានសេដ្ឋកិច្ចបន្ថែម ទី៤-គឺត្រូវចូលរួម គ្រប់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសគឺ កំណែទ្រមង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងាររបស់យើងទាំងអស់គ្នា ។
ជាមួយគ្នានោះឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តកិច្ចសហការ ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្ម ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកក្នុងការអនុវត្ត ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ ៕