ព័ត៌មានជាតិ

ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនបាន៦០៦ករណី!

(ភ្នំពេញ) ៖ ក្នុងឆ្នាំ២០២៤កន្លងទៅក្រសួងមហាផ្ទៃបានបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅតំបន់សរុបបានចំនួន៦០៦ករណី។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ។

 

ឯកឧត្តមបណ្ឌិត ទូច សុឃៈ ក៏បានឱ្យដឹងដែរថា នាឆ្នាំ២០២៤ កន្លងទៅដែរនោះ ក្រសួងក៏បានបញ្ជូនមន្រ្តីនគរបាលជាតិចំនួន៩៥៦រូប ទៅចូលរួមវេទិកាតំបន់ និងអន្តរជាតិនានាចំនួន២០៨លើក ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងការធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាប្រទេសជាសមាជិកនគរបាលអន្តរជាតិ និងដៃគូសហប្រតិបត្តិការ៕

ប្រភព៖ មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *