(ភ្នំពេញ) ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។
សម្តេចអគ្គមហាពញាចក្រី បានអបអរសាទរចំពោះ ឯកឧត្តម ង្វៀន មិញវូ ដែលត្រូវបានបក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច ជឿជាក់ថា បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។
បន្ថែមពីនេះ សម្តេច បានអបអរសាទរចំពោះជោគជ័យនៃកំណែទម្រង់ថ្មីៗ របស់វៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលនឹងធ្វើឱ្យប្រជាជនវៀតណាម កាន់តែទទួលបានការអភិវឌ្ឍ និងជឿនលឿន ជាបន្តបន្ទាប់។
ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ និងបានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស ជាពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង។ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបសម្តេចអគ្គមហាពញាចក្រី អំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមវៀតណាម ជាពិសេសគឺការធ្វើកំណែទម្រង់ដ៏ធំធេង របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សថែមទៀត ឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអណរគុណចំពោះសម្តេច ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំកសាងនិងពូនជ្រុំទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរនាពេលកន្លងមក និងគោរពស្នើសុំការគាំទ្រពីសម្តេច ចំពោះបេសកកម្មការទូតថ្មីរបស់ឯកឧត្តម ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ កាត់តែប្រសើរឡើងថែមទៀត។
ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងជូនពរចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន មិញវូ នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងបានផ្តាំផ្ញើការសួរសុខទុក្ខថ្នាក់ដឹកនាំវៀតណាម មានឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស ឯកឧត្តម លឿង កឿង ប្រធានរដ្ឋ ឯកឧត្តម ជាម ម៉ិញជិញ នាយករដ្ឋមន្រ្តី និងឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម៕