(ភ្នំពេញ) ៖ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី០៨ ខែមេសា ជារៀងរាល់ឆ្នាំ ជា « ទិវាព្រះពុទ្ធសាសនាអន្តរជាតិ » នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនា ដើម្បីសន្តិភាព នៅក្នុង សង្គមជាតិ និងសាកលលោក។
យោងតាមអនុក្រឹត្យស្តីពីទិវាព្រះពុទ្ធសាសនាអន្តរជាតិ បានឱ្យដឹងថា ទិវាព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ក៏ជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ។
យោងតាមខ្លឹមសារនៃអនុក្រឹត្យដដែលនោះដែរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យមានការយល់ដឹងអំពីការប្រតិបត្តិតាមព្រះពុទ្ធឱវាទផងដែរ៕