ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង១៨ម៉ឺននាក់ បានចូលរួមបរិច្ចាគថវិកា គិតត្រឹមយប់ថ្ងៃទី២៨សីហា

(ភ្នំពេញ) ៖ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានការចូលរួមពីសប្បុរសជនជាង១៨ម៉ឺននាក់ ដែលទទួលបានថវិកាចំនួនជិត១១លានដុល្លារ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ នេះបើតាមតួលេខដែលទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

សូមជំរាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់តាមការស្ម័គ្រចិត្តនិងតាមលទ្ធភាពជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សូមរំលឹកផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើផ្លូវក្រវ៉ាត់នៅតាមព្រំដែន មានគោលបំណងពីរ គឺទី១- ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទី២- ជាផ្លូវសេដ្ឋកិច្ចដែលមានភាពប្រទាក់ក្រឡាសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងធ្វើពាណិជ្ជកម្មផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *