ព័ត៌មានជាតិ

គណ:ប្រតិភូខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត  តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណៈភាព ដោយជរាពាធ នៅវេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តម ហុី ធួក តាងនាម ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *