(កំពង់ចាម) ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម រសៀលថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម នៅសាលាស្រុកកំពង់សៀម។
លោក ទុន ណេត អតីតអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលមុខតំណែងថ្មី។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោក ទុន ណេត ត្រូវប្រែក្លាយការប្តេជ្ញាចិត្ត ពេលចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម ទៅជា ឆន្ទៈក្នុងការអនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត។
អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកកំពង់សៀមទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើចំពោះ លោកអភិបាលស្រុកកំពង់សៀម ដែល ទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកស្ទឹងត្រង់ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាង ថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការ ការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្រប សម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុ វិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យ អស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះមុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យ ការងារ ដែលខ្លួន កំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្តេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការ អនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕