(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តចំនួន៣ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ រួមទាំងដាំកូនឈើប្រណិតជិត៤០០ដើម ក្នុងទីធ្លាវត្តបទុមកេសរ ផងដែរ។
ក្នុងនោះមានវត្តជ័យគិរី ហៅ ភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធរង្សី ស្ថិតក្នុង ឃុំខ្ពបតាងួន និងវត្តបទុមកេសរ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុង ១វត្តៗ មាន ÷ ទៀនវស្សា ១គូ អង្ករចំនួន ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ១០កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្កសរ ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ៣លានរៀល ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គ ប្រគេនទេយ្យវត្ថុ ១ និងបច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន បានអញ្ជើញអុជទៀនធូប ថ្វាយបង្គំ ព្រះ រតនត្រ័យ និងវេរប្រគេន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សាដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួងកុសលផលបុណ្យ ទៅដល់ដួងវិញ្ញាណបុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតិការទាំង ៧សណ្តាន ព្រមទាំង ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ទាំងអស់ ដែលបានបាត់ជីវិត នៅក្នុងសម័យសង្គ្រាម ហើយបានចែកឋានទៅកាន់បក្សលោកខាងមុខ ផងដែរ ។ ជាមួយ គ្នានោះដែរ ក៏សូមបួងសួង ទៅដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយថែរក្សា ប្រទេសកម្ពុជា ឱ្យកាន់ តែរីកចំរើន និងសុខសន្តិភាព គង់វង្សជានិរន្តរ៍ តរៀងទៅអនាគត ផងដែរ ។
គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំ ព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺចាប់ពីថ្ងៃទី ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែ អស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាត្រ ទៅទីណាបានឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែល មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា តែងនាំនូវទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ប្រគេនព្រះសង្ឃ សម្រាប់អុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់ មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងអំឡុងពេលកាន់ព្រះវស្សា រយៈពេល ៣ខែនេះ ។
គួរបញ្ជាក់ថា បន្ទាប់ពីប្រារព្ធពិធីសាសនាខាងលើរួច ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ ដាំកូនឈើប្រណិតប្រមាណ៣៧០ដេីម ក្នុងទីធ្លាវត្តបទុមកេសរ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដោយមានកូនធ្នង់ ១២០០ដើម កូនក្រញូង ១០០ដើម កូនគគី ៥០ដើម និងក្រញូងហៃណាន ១០០ដើម ផងដែរ ៕