ខេត្តរតនគិរី ៖ បុរសម្នាក់ចុះក្នុងរណ្តៅជីកត្បូង ហើយក៏ត្រូវដីបាក់សង្កត់លើបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកបរកែវ ។ ហេតុការណ៍គ្រោះថ្នាក់ចូលរណ្តៅដីបាក់សង្កត់លើនោះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ តុលា ឆ្នាំ២០២៤ ត្រង់ចំណុចអូយ៉ាវក្នុងភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ។
បុរសរងគ្រោះខាងលើ ឈ្មោះ សល់ ស្វាន់ អាយុ៤០ឆ្នាំ ជនជាតិចារាយ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំខាងលើ។ បើតាមជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២៤ ខ្លួន និងភរិយា រួមទាំងកូនស្រីម្នាក់ផងនោះ បាននាំគ្នាទៅជីករុករករ៉ែត្បូងធម្មជាតិ នៅចំណុចអូយ៉ាវ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ក៏ជួបហេតុការណ៍បាក់ដីទាំងផ្ទាំងតែម្តង បណ្តាលឲ្យសង្កត់មកលើរូបលោក ។ ប៉ុន្តែក៏ជាសំណាងល្អដែរដែលលោកបានដឹងស្នូរសំរឹបដីបាក់មុន ក៏ស្ទុះលោតចេញ ប៉ុន្តែជាអកុសលដីបានបាក់សង្កត់ ជាប់ត្រឹម.ក.រួចក៏បានសន្លប់លែងដឹងខ្លួនទៅហើយ ។
លោកបន្តថា ជាសំណាងណាស់ ដែលមានបងប្អូនជាអ្នកជៀរជ័រកៅស៊ូនៅជិតក្បែរនោះក៏បានមកអើតមើលឃើញក៏នាំគ្នាជួយសង្គ្រោះនិងដឹកតាមម៉ូតូយកមកផ្ទះវិញ ។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេកទើបក្រុមគ្រួសារក៏បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកស្រុកបកែវភ្លាមៗដែរ។
លោក សល់ ស្វាន់ ជនរងគ្រោះមានភរិយា ព្រមទាំងមានកូនប្រុសស្រីចំនួន៧នាក់ ក្នុងនោះកូនស្រីចំនួន៥នាក់ ។
ដោយសារតែមានជីវភាពទីទល់ក្រ ទើបរូបលោក និងភរិយាព្រមទាំងកូនត្រូវបង្ខំចិត្តទៅជីករុករករ៉ែត្បូងធម្មជាតិ ទោះបីជាផ្សងនិងគ្រោះថ្នាក់យ៉ាងណាក្តី ក៏នៅតែយកជីវិតទៅប្រថុយប្រថានដែរ ។ លោកថា ជារៀងរាល់ពេល ដែលលោកជីកលុងកកាយដីនោះ រហូតទៅដល់ជម្រៅ៥ ទៅ៦ ម៉ែត្រឯណោះ ហើយពេលរកបានត្បូង តែងតែយកទៅលក់ឲ្យកុងសែពីរនាក់ ម្នាក់ឈ្មោះចយ ម្នាក់ទៀតឈ្មោះ ដាំ ប៉ុន្តែដល់ពេលដែលលោកជួបគ្រោះថ្នាក់រហូតទៅស្ទើរបាត់បង់ជីវិតបែបនេះទៅហើយនោះក៏មិនឃើញមកអើតមើលឬសួរសុខទុក្ខនោះទេ ។ បច្ចុប្បន្ន អាការៈរបស់លោកនៅតែមានការឈឺចុកចាប់នៅត្រង់ចំណុចដើមទ្រូង និងកណ្ដៀតក្អម យ៉ាងធ្ងន់ធ្ងរមិនបាត់ទាល់តែ
សោះ ។
គួររំលឹកផងដែរ ក្នុងឆ្នាំកន្លងទៅមុនៗ ក៏មានករណីបាក់ដីសង្កត់មនុស្សបណ្តាលឱ្យស្លាប់ បាត់បង់ជីវិតក៏មិនតិចដែរក៏ដោយសារតែក្រុមដង្ខៅកុងសែត្បូងឃោសនាគៀងគរប្រជាពលរដ្ឋ បងប្អូនជនជាតិដើមភាគតិចទីទាល់ក្រ ផ្តល់កម្រៃឲ្យទៅពួកគាត់ក្នុងម្នាក់ចំនួន ២ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ ។ គឺដើម្បីឱ្យទៅជីកលុងកកាយដីចូលក្នុងរណ្ដៅដែលមានជម្រៅ មិនក្រោម១០ម៉ែត្រនោះហើយក៏យ៉ាងអាណាធិបតេយ្យដែរដោយគ្មានច្បាប់ទម្លាប់អ្វីឡើយ។
ហើយលោកក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជនទូទៅ មេត្តាជួយឧបត្ថម្ភ ជាថវិកាបន្តិចបន្តួចដល់រូបគាត់ផង ដើម្បីបន្តព្យាបាលនិងថតពិនិត្យមើលអាការៈជំងឺក្នុងខ្លួន ឲ្យដឹងពិតប្រាកដផងនិងដោយក្តីអនុគ្រោះ។
ដោយឡែក សមត្ថកិច្ចអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ការគ្រប់គ្រងធនធានធម្មជាតិជាតិរ៉ែគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងករណីហេតុការណ៍ទាំងអស់ខាងលើពុំបានដឹងនោះទេ ៕សហការី