ព័ត៌មានជាតិ

រថភ្លើង១ខ្សែ កំពុងបើកបរ ស្រាប់តែ ដាច់ទូរចេញពីផ្លូវ ក្រឡាប់ចេញសុទ្ធតែស្រូវ!

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ នៅវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើង១ខ្សែបានក្រឡាប់ច្រើនទូរ ធ្លាយចេញសុទ្ធតែស្រូវ ខណៈកន្លែងកើតហេតុនេះកាលពីប៉ុន្មានខែមុន ក៏មានករណីបែបនេះម្ដងរួចមកហើយដែរ ត្រូវបានគេសង្ស័យបណ្ដាលមកពីផ្ទុកធ្ងន់ពេក ។

ប្រភពរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងក្រឡាប់ចេញសុទ្ធតែស្រូវខាងលើ បានកើតឡើងនៅចំណុចជើងភ្នំក្បាលសៀម ខាងក្រោយសាលាឆទាន(គីរីសុខុម)ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើ គេឃើញរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅ ពីជើងឆ្ពោះទៅទិសខាងត្បូង សំដៅទៅរាជាធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចស្រាប់តែឮសំឡេងប្រាវៗខ្លាំងៗ និងដាច់ទូរ១កំណាត់បណ្ដាលឲ្យទូរកុងតឺន័រ ក្រឡាប់ចេញពីផ្លូវដែកធ្លាយចេញសុទ្ធតែស្រូវ ប៉ុន្តែពុំបង្កឲ្យមានរងរបួសដល់មនុស្សឬសត្វ និងទ្រព្យសម្បត្តិអ្វីនោះទេ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា រថភ្លើង១ខ្សែដែលរងការគ្រោះថ្នាក់ដោយក្រឡាប់នេះ មានផ្ទុកទូរកុងតឺន័រចំនួន២៨ទូរកុងតឺន័រ ហើយដាច់ចេញពីក្បាលរថភ្លើងត្រង់ចំណុចទូរទី-៥ បណ្ដាលឲ្យទូរកុងតឺន័រចំនួន០៨កុងតឺន័រ ខ្ទាតចេញពីរថភ្លើងធ្លាយចេញសុទ្ធតែស្រូវ ពាក់ព័ន្ធករណីរថភ្លើង១ខ្សែក្រឡាប់នេះដែរ គេពុំដឹងអំពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែគេសង្ស័យអាចបណ្ដាលមកពីផ្ទុកធ្ងន់ពេក ម្យ៉ាងកន្លែងនោះផ្លូវកោងខ្លាំង និងឡើងចំណោទផងដែរ ។ គួររំលឹកផងដែរ កាលពីប៉ុន្មានខែមុនកន្លែងដដែលនេះក៏មានករណីបែបនេះដែរ ប៉ុន្តែគេឃើញរថភ្លើងដឹកអង្ករ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *