ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការបង្កបង្កើនផល និងដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំង របស់ប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។

ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។

បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក។

បន្ទាប់ពីចុះធ្វើការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាកសិករនៅស្រុកបាធាយ នៅថ្ងៃទី១៥ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យតំបន់អាងទឹកថ្មដា ទឹកឆា ដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ហូរទឹក ទម្លាក់ទៅជួយសង្គ្រោះស្រូវប្រាំង របស់កសិករយើង នៅស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន ៨ ភូមិ លើផ្ទៃដី ជាង ៩០០ ហិចតា ដែលប្រឈម នឹងការខ្វះទឹក។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីបានជំរុញដល់អាជ្ញាធរស្រុកព្រៃឈរ និងខាងសហគមន៍អាងទឹកថ្មដា សហការជាមួយមន្ត្រី នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ជួយកាយប្រឡាយបន្ថែម យ៉ាងយូរ ២ទៅ ៣ថ្ងៃទៀត ទឹកនិងធ្លាក់ដល់ឃុំព្រីងជ្រុំ ។ ចំពោះឃុំសំពងជ័យ មានទឹកទៅដល់ ប្រជាកសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។