ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំមីយ៉ាន់ម៉ា លោក Ming Aung Hlaing ឱ្យពិចារណាឡើងវិញចំពោះការ អនុវត្តទោសប្រហារជីវិតលើក្រុមអ្នកប្រឆាំង

(ភ្នំពេញ) : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើមេដឹកនាំមីយ៉ាន់ម៉ា លោក Ming Aung Hlaingឱ្យពិចារណាឡើងវិញចំពោះការអនុវត្តទោសប្រហារជីវិតលើក្រុមអ្នកប្រឆាំង ដោយសម្តេចតេជោ បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា ,

ឯកឧត្តម នាយឧត្តមសេនីយ៍ Min Aung Hlaing

ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ណៃពិដោ

ឯកឧត្តម

ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល ឯកឧត្តម និងខ្ញុំបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្លាស់ ប្តូរទស្សនៈលើបញ្ហានានាដែលចាត់ទុកថាមានសារៈសំខាន់សម្រាប់មីយ៉ាន់ម៉ា និងកម្ពុជា ក៏ដូចជាអាស៊ាន ផងដែរ។ ការសន្ទនារបស់យើងអនុញ្ញាតឱ្យយើងឈានទៅដល់ការយល់រួមគ្នាលើបញ្ហាផ្សេងៗដែលមាន ផលប៉ះពាល់យ៉ាងធំធេងលើសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរបស់ យើង និងអាស៊ានទាំងមូល។

ខ្ញុំមិនមានមន្ទិលទេថា ឯកឧត្តម ពិតជាដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះ តំបន់របស់យើងគឺជាចំណុចកណ្តាល នៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាច ខណៈពេលដែលការប្រកួតប្រជែងរវាងពួកគេកំពុងតែកើន ឡើង។ ជាមួយនឹងការវិវឌ្ឍបែបនេះ ចំណាប់អារម្មណ៍ជាច្រើនកំពុងផ្ដោតទៅលើការអភិវឌ្ឍក្នុងតំបន់ អាស៊ាន និងទៅលើភាពជឿជាក់ និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារតំបន់ដែលយកប្រជាជន ជាស្នូល។ ការវិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានគេតាមដាន សង្កេតដោយមនុស្សជុំវិញពិភពលោក។

ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្ក ឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឱ្យមានប្រតិកម្ម អវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹង ប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតី ឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែល មានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ា ឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សា រដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្ដន្ទាទោសនេះ និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិត ដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងពិចារណាដោយយោគយល់ចំពោះការអំពាវនាវរបស់ខ្ញុំទៅលើករណី នេះ។

ខ្ញុំឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរក ភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់មាក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនសព្វសាធុការពរដល់ ឯកឧត្តម ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។