ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន អញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេតព្រះ (ជាប់ផ្លូវជាតិលេខ៥)

កម្មវិធីទី២ ៖

អញ្ជើញចេញពីស្ថានីយផលិតពូជស្រូវទួលសំរោង ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេតព្រះ (ជាប់ផ្លូវជាតិលេខ៥)។

បានជួបជាមួយបងប្អូនម្ចាស់ស្រែ ទទួលស្តាប់មតិ យោបល់ជាច្រើនជុំវិញបញ្ហាបង្កបង្កើនផលដើមរដូវរស្សា និងសំណើជួយអន្តរាគមន៍ទៅក្រសួងធនធានទឹក និងឧតុនិយម ស្តារប្រឡាយចាស់ ឬកាយប្រឡាយថ្មី ដើម្បីទុករំដោះទឹកចេញពីស្រែ ដោយសារតំបន់នេះកសិករប្រឈមគ្រោះទឹក ជំនន់រៀងរាល់ឆ្នាំ។ ជាក់ស្តែង ក្នុងពេលតែមួយតំបន់នេះដែលមានផ្ទៃដី ៥៨០០ហត នៅឆ្នាំ២០២១ ការងារបង្កបង្កលនផលសម្រេចបាន ៩០% ផ្ទុយទៅវិញឆ្នាំនេះទើបតែសម្រេចបាន ៥០% ប៉ុណ្ណោះ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវគ្រឿងចក្រមិនអាចចុះភ្ជួរបាន ហើយខ្លះទៀតបានព្រោះ ស្រូវដុះក៏បានរលួយវិញអស់។

បានជ្រាបពីបញ្ហា ក្តីបារម្ភ និងពិនិត្យឃើញច្បាស់ពីទិដ្ឋាភាពជាក់ស្តែង (វាលស្រែទឹកល្ហល្ហេវ) ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យឯកឧត្តម ទូច ប៉ុនហួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរខេត្ត ស្រុក និងប្រជាពលរដ្ឋ លើកសំណើសុំជួយអន្តរាគមន៍ពីក្រសួងធនធានទឹក និងឧតុនិយម ចុះមកពិនិត្យ និងធ្វើការសិក្សាលើមូលបញ្ហា សេចក្តីត្រូវការជាក់ស្តែង ដើម្បីដាក់ចេញនូវវិធានការដោះ ស្រាយសម្រាប់រយ:ពេលវែងជូនប្រជាពលរដ្ឋ (ជីកប្រឡាយរំដោះទឹក)។ ដំណោះស្រាយចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយចាត់ចែងរៀបចំលើសំណើស្នើសុំស្រូវពូជតាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ផ្ញើរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្តល់ស្រូវពូជជូនកសិករដែល ដំណាំស្រូវបានរលួយ ដោយសារទឹកជន់លិច។ ដោយឡែក នៅតំបន់ណាដែលគ្មានបញ្ហា ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យកសិករដែលមិនទាន់បានភ្ជួរ ព្រោះស្រូវ ត្រូវប្រញាប់ធ្វើឲ្យបានទាន់ពេលវេលា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។