ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានអមដំណើរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញចូលរួមចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលនានា នៅឃុំកោះមិត្ត និងឃុំកោះសូទិន ខេត្តកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងឃុំកោះសូទិន ខេត្តកំពង់ចាម។

បងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងឃុំកោះសូទិន មានក្តីអំណរសាទរឥតឧបមាចំពោះសមិទ្ធិផលថ្មីនេះ ដែលនឹងជួយសម្រួលការធ្វើដំណើរ និងការដឹកទំនិញ កសិផលនានា របស់បងប្អូនប្រជាពលរដ្ឋមកកាន់ទៅផ្សារ។

ក្នុងនាមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងពីរខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្តល់នូវសមិទ្ធិផលជាប្រវត្តិសាស្ត្រជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ចាក់ថា ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ទៅភូមិទី១០ ឃុំកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន មានផ្លូវបេតុង បណ្តោយប្រវែង ៥៤៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ, ទំនប់បង្ហៀរប្រវែង ៨០ ម៉ែត្រ និងលូប្រអប់មុខ ៣ ប្រវែង ១១ ម៉ែត្រ និងទទឹង ៨ម៉ែត្រ បានចាប់ផ្តើម​អនុវត្ត នៅ​ដើមឆ្នាំ២០២១ បាន​ស្ថាបនា រួចរាល់១០០ភាគរយ នៅ​ដើមខែ​មិថុនា​នេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។