ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅការងារ ឆ្នាំសិក្សា២០២៣-២០២៤​

(កំពង់ចាម) ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤​ ដែលធ្វើឡើងនៅមន្ទីរអប់រំយុវជន និងកីឡា ។

ថ្លែងក្នុងឱកាស​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើង​ថា​ បើចង់លើកកម្ពស់គុណភាពអប់រំគឺ ត្រូវកែលម្អល័ក្ខខ័ណ្ឌចាំបាច់នានានៃសកម្មភាពបង្រៀន និងរៀន។ បើចង់ពង្រីកបរិមាណអប់រំ គឺត្រូវ កសាងសាលារៀនបន្ថែម បណ្តុះបណ្ដាលគ្រូបង្រៀនបន្ថែម និងបន្ថែមសម្ភារសិក្សា ពីព្រោះថា ចំនួន កុមារដល់វ័យសិក្សាកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯតម្រូវការរបស់ទីផ្សារ ក៏ដូច ជាសង្គមជាតិ គឺសុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពផងដែរ។

ឯកឧត្ដមអភិបាលខេត្ត​ បានស្នេី​សូមឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការប្រមូលកុមារគ្រប់អាយុឱ្យចូលរៀនបាន ច្រើនប្រកបដោយសមធម៌ ទោះបីជាពួកគេស្ថិតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ជាពិសេសនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក “សាលារៀនគឺ ត្រូវស្វែងរកកុមារ ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យ ប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌រស់នៅល្អ ចេះរួម រស់នៅជាមួយគ្នាដោយសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើការអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធជាមួយនឹងការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្តី ណែនាំផ្សេងៗ ពិសេសគឺការងារទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ក្រុមទំនើង” ការអនុវត្តបទបញ្ញតិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរកុមារ និងការប្រើប្រាស់គ្រឿងញៀន ការលុប បំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរបំផុត ការគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងការទប់ស្កាត់ជំងឺ​ឆ្លង​ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេមានទុន មានគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា “កូនល្អ សិស្សល្អ មិត្តល្អ” នៅថ្ងៃអនាគត​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។