ព័ត៌មានជាតិ

ឯកឧត្តម ស សុខា កោតសរសើរ និងផ្តាំផ្ញើ ១០ចំណុច ដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំក្រុមការងារ ចូលរួមធ្វើការងារសង្គម និងមនុស្សធម៌ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២២ នេះ បានរហូតដល់ ៤៣០លើក ចំណាយអស់ថវិកា ចំនួន ១០៦ ១៦៧ ៩០០រៀល និង ៣៩ ៨៧៩ដុល្លារ ។ ឯកឧត្តម ស សុខា ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមធ្វើសកម្មភាពសង្គម និងមនុស្សធម៌ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិទាំងមូល ។ ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ១០ចំណុច ដូចខាងក្រោម ៖
១. សូមបន្តរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង ពីព្រោះតែការបែកបាក់សាមគ្គីភាពនេះហើយ ដែលបណ្ដាលឱ្យជាតិយើង មានសង្គ្រាម មានរបបខ្មែរក្រហម ។ ក៏ព្រោះតែសាមគ្គីភាពនេះហើយ ទើបថ្នាក់ដឹកនាំយើង កសាងកម្លាំងតស៊ូវាយផ្ដួលរំលំរបបខ្មែរក្រហម ហើយស្ដារប្រទេសជាតិពីចំណុចសូន្យ ក្រោមការហ៊ុំព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ច រហូតបង្កើតបានការបង្រួបបង្រួមជាតិ ។ តស៊ូរហូតទទួលនូវការគាំទ្រពីប្រជាជនដឹកនាំប្រទេសតាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន និងបន្តសម្រាប់អនាគតទៅមុខទៀត ។
២. ពន្លឿនការប្រកាសរចនាសម្ព័ន្ធរបស់ក្រុង ស្រុក និងផ្សព្វផ្សាយអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមការងារ ។
៣. សូមបន្តរៀបចំកម្មវិធីនានាដែលជួយដល់យុវជន និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ។
៤. សូមបង្កើនការកសាងកម្លាំងធ្វើសកម្មភាព ដើម្បីយុវជន ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ។
៥. សូមចុះស្វែងយល់ពីតម្រូវការរបស់យុវជន និងប្រជាពលរដ្ឋ ហើយរៀបចំគម្រោងតូចៗជួយពួកគាត់ ពិសេសយុវជនដែលបោះបង់ការសិក្សា ដូចជា ៖ បង្កើតមុខរបរចញ្ចឹមសត្វ ដាំដុះបន្លែផ្លែឈើ ឬរកអ្នកជំនាញ ដើម្បីចែករំលែកបទពិសោធបន្ថែម ។
៦. សហការជាមួយយុវជននៅតាមបណ្តាប្រទេសជិតខាង ដើម្បីចែករំលែកបទពិសោធគ្នាទៅវិញទៅមក និងស្វែងរកអ្វីដែលមានប្រយោជន៍សម្រាប់យុវជនយើង ។
៧. ត្រៀមលក្ខណៈជាមុនដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀង មិនថាកម្លាំងកាយក្នុងការសម្របសម្រួល អាហារខ្ចប់ គ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យ តង់… បានទាន់ពេលវេលា ។
៨. សូមជំរុញឲ្យប្រជាពលរដ្ឋត្រៀមទៅចុះឈ្មោះបោះឆ្នោតនាប៉ុន្មានខែខាងមុខនេះ ដើម្បីមានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២២ ខាងមុខ ។
៩.សូមរៀបចំកម្មវិធីបណ្ដុះបណ្ដាលនានាពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងមានប្រយោជន៍ សម្រាប់ជីវភាពពលរដ្ឋ និងសិស្ស និស្សិត ។
១០. រាល់កម្មវិធីការងារសង្គម ឬការងារមនុស្សធម៌ ឬក៏ការបណ្ដុះបណ្ដាលជំនាញផ្សេងៗ សូមផ្ដោតលើព្រះសង្ឃផង ព្រោះព្រះសង្ឃក៏ជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិដែរ៕

អត្ថបទ ៖ សេង បូលីន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។